ប្រជាជនហ្កាហ្សារាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅលើផ្លូវឆ្នេរសមុទ្រ ភាគខាងជើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានឮថា មនុស្សមួយចំនួន បានព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដែលត្រូវគេបិទមួយឆ្ពោះទៅកាន់ទីក្រុងហ្កាហ្សា ទោះបីជាអ៊ីស្រាអែល បានបដិសេធថា ប៉ុស្តិ៍នោះ មិនបើកក៏ដោយ។
អ្នកសារព័ត៌មាន AFP ម្នាក់ បានឃើញម្តាយកាន់ដៃកូនៗរបស់ពួកគេ និងក្រុមគ្រួសារ ដាក់អីវ៉ាន់លើរទេះសត្វលា នៅពេលពួកគេ ធ្វើដំណើរ។

ពួកគេសង្ឃឹមថា នឹងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយ នៅលើផ្លូវAl-Rashid ភាគខាងត្បូងនៃទីក្រុងហ្កាហ្សា ប៉ុន្តែកងទ័ពអ៊ីស្រាអែល បានប្រាប់សារព័ត៌មាន AFP ថា របាយការណ៍ដែលថា ផ្លូវនេះ ត្រូវបានបើកគឺ «មិនពិត»ទេ។
មួយវិញទៀត គ្រួសារដែលអស់សង្ឃឹម បានរង់ចាំមនុស្សជាទីស្រលាញ់របស់ពួកគេ នៅក្នុងគំនរបាក់បែកនៃទីក្រុងដែលបានរងការវាយប្រហារ នៅក្នុងទឹកដីប៉ាឡេស្ទីននេះ។
លោក Mahmoud Awdeh បាននិយាយថា ខ្លួនកំពុងរង់ចាំប្រពន្ធ ដែលបាននៅក្នុងទីក្រុងខាន់យូនីស ភាគខាងត្បូង ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី៧ ខែតុលា។
