សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត៥០ម៉ឺននាក់ បានមកកម្សាន្តនៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។
យោងតាមរបាយការណ៍របស់លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៥ មេសា ដែលជាថ្ងៃទី៣នៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ភ្ញៀវទេសចរមានចំនួនប្រមាណ ៤៩០,១៨៤ នាក់ បានមកកម្សាន្តនៅតំបន់ទេសចរណ៍នានា ក្នុងខេត្តសៀមរាប ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៥,១៨៤ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៤៨៥,០០០ នាក់ ។ យោងតាមរបាយការណ៍ដដែល បានឲ្យដឹងថា សម្រាប់រយៈពេល ០៣ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៩៥៥,៩៩១ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១២,៩៩១ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ៩៤៣,០០០ នាក់ ៕














