បន្ទាយមានជ័យ ៖ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤(ថ្ងៃទី៣) សរុបមានចំនួន ២៤១.៥៥៦នាក់ ភ្ញៀវជាតិមានចំនួន ២៤០.៤៨៧នាក់ ភ្ញៀវបរទេសចំនួន១.០៦៩នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ី និងជនជាតិអ៊ឺរ៉ុបនៅតំបន់ប៉ោយប៉ែត)។ នេះបើតាមការបញ្ជាពីលោក ឈឿន សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

លោក ប្រធានទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ថា ក្នុងចំណោមរមណីយដ្ឋានតំបន់ទេសចរណ៍ភ្ញៀវទេសចរមកលេងច្រើនជាងគេគឺ សួនតេជោឈ្នះឈ្នះ ចំនួន៧២.៥៣៩នាក់(ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន០៤នាក់), ប្រាសាទបន្ទាយឆ្មារ ចំនួន៨.៦៤៩នាក់, អាងជើងគ្រុស ចំនួន២.៣៥៦នាក់, ស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៦១៥នាក់, ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ២២.៣០០នាក់ (ក្នុងនោះបរទេសចំនួន១.០៦៥ នាក់)។ អាងត្រពាំងថ្ម ចំនួន២.៣០០នាក់, វត្តភ្នំតូច ចំនួន១២.៤២៥នាក់, អូរខៃដន ចំនួន៤២៣នាក់, ដុងអរញ្ញ ចំនួន៤៦៧នាក់, សួនស្នេហ៍ជនបទ ចំនួន៤៨២នាក់, តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ១១៦.០០០នាក់ ។

សូមបញ្ជាក់ផងដែរថា រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលខ្មែរឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបចំនួន ៥៥៨.៤៧៥នាក់។ ដោយឡែកនៅកាលពីឆ្នាំ២០២៣ ក្នុងរយៈពេល៣ថ្ងៃដូចគ្នាភ្ញៀវទេសចរសរុបចំនួន ៦៥០.០១៣នាក់ ក្នុងនោះបរទេសចំនួន ១.៥៤២នាក់៕ អត្ថបទ រឿង ចន្ទ្រា







