បាត់ដំបង៖ រយៈពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុបជាង១លាននាក់បានមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង និងតាមបណ្ដារមណីយដ្ឋាននានានៅទូទាំងខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុប ១៥៩,១៦៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៥៨,៧១១នាក់ ភ្ញៀវទេសចរអន្តរជាតិ ៤៥៨ នាក់។ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរសរុប ៣៩៥,១៨៩ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៩៤,៤៦៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៧២១ នាក់។ ចំណែកនៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានភ្ញៀវទេសចរសរុប ៥១៩,២៨៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៥១៨,៣៧៦ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៩១២ នាក់៕





