ក្រុមតស៊ូប្រឆាំងរបបសឹកសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានដុតទង់ជាតិដែលរដ្ឋាភិបាលយោធានេះបានប្រើប្រាស់ និងលើកបដារបស់ពួកគេនៅឯមូលដ្ឋានទ័ពដែលទើបដណ្ដើមបានថ្មី ខណៈមេបញ្ជាការជាន់ខ្ពស់របស់ឧទ្ទាមបានប្តេជ្ញាថាពួកគេនឹងកាន់កាប់តំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនថៃ។

ការអបអរសាទរដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធសម្ព័ន្ធជាតិការ៉ែន(Karen National)បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីការដណ្ដើមគ្រប់គ្រងបានទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ដែលជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅជាប់ព្រំដែនភាគខាងលិចរបស់ប្រទេសថៃ។ ការដួលរលំរបស់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) បានក្លាយជាការបាត់បង់សមរភូមិមួយទៀត សម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនេះ កាលពីឆ្នាំ ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល លោកស្រី Aung San Suu Kyi ដែលនៅតែស្ថិតក្នុងការឃុំខ្លួនរហូតមកដល់សព្វថ្ងៃនេះ។ ការផ្ទុះកំហឹងប្រឆាំងនឹងរបបយោធាបានប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស ដែលបច្ចុប្បន្ននេះកំពុងដំណើរការកាន់តែខ្លាំងក្នុងការសម្របសម្រួលជាមួយក្រុមឧទ្ទាមជនជាតិភាគតិចដែលបានបង្កើតឡើងដើម្បីប្រជែងនឹងយោធានៅទូទាំងផ្នែកដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា។

ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់បង់ការគ្រប់គ្រងលើតំបន់សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាមួយទាំងឥណ្ឌា និងចិន ដែលធ្វើឲ្យដែនដីមួយចំនួនធ្លាក់ចូលក្នុងដៃរបស់កងកម្លាំងសម្ព័ន្ធភាពនៃកងកម្លាំងតស៊ូប្រឆាំងរដ្ឋាភិបាលយោធា។ការបាត់បង់មីយ៉ាវ៉ាឌីនៅព្រំដែនថៃ អាចនឹងធ្វើឱ្យប្រាក់ចំណូលពាណិជ្ជកម្មធ្លាក់ចុះបន្ថែមទៀត សម្រាប់របបយោធា។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ដ៏កម្រមួយ លោកវរសេនីយ៍ឯក Nadah Htoo មេបញ្ជាការប្រតិបត្តិការ នៃកងពលតូចទី៦ នៃស្លាបយោធារបស់ កងកម្លាំងសម្ព័ន្ធជាតិការ៉ែន (KNU)ដែលបានដណ្តើមយកមូលដ្ឋានទ័ព បាននិយាយថា កងកម្លាំងយោធាបានព្យាយាម និងបរាជ័យក្នុងការដណ្តើមយកតំបន់នោះ ហើយកងកម្លាំងរបស់លោកប្ដេជ្ញាថានឹងបន្តគ្រប់គ្រងតំបន់ដែលខ្លួនទើបដណ្ដើមបានឲ្យខាងតែបាន៕
