ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១លាន៨៣ម៉ឺននាក់បានមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាម និងតាមរមណីយដ្ឋាននានាក្នុងខេត្តនៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ បានមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាមសរុបមានចំនួន ១.៨៣៥.៧២០នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេស មានចំនួន ១៤៨នាក់ ។

លោក ស៊ាន សុន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថា ចំនួនភ្ញៀវទាំងនោះ មកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាន នានា ដែលក្នុងនោះ ៖ រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ២៦.១៦៦នាក់ ។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន ១៨.៩៨៧នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨នាក់ ។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១៩៣នាក់ ភ្ញៀវបរទេសចំនួន ០៩នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៨៦២នាក់ ។ រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ១.២៧១នាក់ ។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២៤៤នាក់ ។

-រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ១០.៩១៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ២៣នាក់ ។ ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៦៩៣.៧៣២នាក់ ភ្ញៀវបរទេស មានចំនួន ៨៥នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ២៥.៩៤៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.០៤៩.៩០៤នាក់ ។ ចំពោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៦.៦៨៩នាក់ និងភ្ញៀវបរទេសចំនួន ៤២នាក់ ។

ទន្ទឹមនឹងនេះដែរ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បី បង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន ៕










