គណៈរដ្ឋមន្ត្រីសង្រ្គាមរបស់អ៊ីស្រាអែល បានជួបគ្នាដើម្បីពិភាក្សាពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏ច្រើនមិនធ្លាប់មានរបស់អ៊ីរ៉ង់។
អ៊ីស្រាអែល ពុំបានប្រកាសជាសាធារណៈទេ ថាតើការសម្រេចនោះបានឈានដល់ការព្រមព្រៀងដែរឬយ៉ាងណា។

ក្រុមស្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់អ៊ីរ៉ង់ ប៉ុន្តែ បានជំរុញរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យបង្ហាញការអត់ធ្មត់។
ខណៈដែលប្រទេសអ៊ីរ៉ង់ បានបង្ហាញសញ្ញាថា ខ្លួនពិចារណាបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុតប្រមុខយោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ ត្រូវតែមានចម្លើយ។
លោកឧត្ដមសេនីយ៍ ហ៊ើហ្ស៊ី ហាឡេវី (Herzi Halevi)បាននិយាយថា ខណៈយើងសម្លឹងមើលទៅមុខ យើងបានថ្លឹងថ្លែងជំហាននានារបស់យើង ហើយការការបាញ់មីស៊ីល និងមីស៊ីលតម្រង់គោលដៅ និងយានដ្រូនដ៏ច្រើនសន្ធឹកសន្ធាប់ចូលក្នុងដែនដីរបស់យើងពេលនេះ តម្រូវឲ្យមានការឆ្លើយតបវិញដោយជៀសមិនរួច។ប៉ុន្តែលោកពុំបានបញ្ជាក់ថាតើនឹងមានការឆ្លើយបវិញបែបណា និងនៅពេលណានោះទេ។

ទីក្រុងតេអេរ៉ង់ បាននិយាយថាប្រតិបត្តិការនេះ គឺជាការសងសឹកទៅនឹងការវាយប្រហារកាលពីថ្ងៃទី១ខែមេសា លើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី ដែលបានសម្លាប់ឧត្ដមសេនីយ៍យោធាជាន់ខ្ពស់អ៊ីរ៉ង់២នាក់ និងមនុស្ស៥នាក់ផ្សេងទៀត។
អ៊ីស្រាអែល បាននិយាយថាយានដ្រូន និងមីស៊ីលជាង៣០០ ត្រូវបានបាញ់ស្រោចលើអ៊ីស្រាអែល។ហើយថាអាវុធស្ទើរតែទាំងអស់ ត្រូវបានបាញ់ទម្លាក់ ដោយកងកម្លាំងរបស់ខ្លួន ដោយមានការគាំទ្រពីអាមេរិក អង់គ្លេស បារាំង និងប្រទេសផ្សេងទៀត មុនពេលមីស៊ីល និងយានដ្រូនទាំងនោះទៅដល់គោលដៅ៕
