ជនអន្តោប្រវេសន៍ជាង ២.០០០នាក់ រួមមានទាំងស្ត្រី និងកុមារ បានប៉ះទង្គិចជាមួយឆ្មាំជាតិ នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ ខណៈអាជ្ញាធរព្យាយាមបង្វែរផ្លូវរបស់ពួកគេពីរដ្ឋអុកសាកា( Oaxaca) ទៅកាន់រដ្ឋជិតខាង វឺរ៉ាគ្រូស(Veracruz)។
ទោះបីជាមានការអន្តរាគមន៍ក៏ដោយ ក៏ក្រុមជនអន្តោប្រវេសន៍ បានរៀបចំបន្តដំណើររបស់ពួកគេនៅលើផ្លូវហាយវ៉េ ឆ្ពោះទៅកាន់ទីក្រុង ជូឈីតាន់(Juchitan) ។
ជនអន្តោប្រវេសន៍ បានជំរុញគ្នាទៅវិញទៅមកដើម្បីរក្សាសន្តិភាព និងបញ្ចៀសការប្រឈមមុខដាក់គ្នាដោយហិង្សាជាមួយកងកម្លាំងប្រដាប់អាវុធ នៅពេលពួកគេដើរឆ្លងកាត់។
ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ចុងក្រោយ ដែលភាគច្រើនមកពីអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានចាកចេញពីរដ្ឋ ឈីប៉ាស(Chiapas) ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីចុងខែមីនា ដោយមានគោលបំណងទៅដល់សហរដ្ឋអាមេរិក។