ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានបិទស្ពាន Golden Gate និងផ្លូវហាយវ៉េ I-880 ក្នុងទីក្រុង Oakland សហរដ្ឋអាមេរិក ជាច្រើនម៉ោងកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃការបិទផ្លូវសេដ្ឋកិច្ចនៅទូទាំងពិភពលោកក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា។
ក្រុមល្បាតផ្លូវហាវ៉េរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា មនុស្ស ៣៨នាក់ ត្រូវបានចាប់ខ្លួន ដែលត្រូវប្រឈមមុខបទចោទប្រកាន់ជាច្រើន រួមមានការប្រមូលផ្តុំគ្នាដោយខុសច្បាប់ ការបដិសេធមិនអនុវត្តតាមបទបញ្ជាស្របច្បាប់ ការឈប់នៅលើស្ពានដោយខុសច្បាប់ ការទប់ទល់ក្នុងការចាប់ខ្លួន និងការឃុបឃិតគ្នា។
ការតវ៉ាលើកដំបូងកាលពីព្រឹកថ្ងៃចន្ទ បានកើតឡើងនៅលើផ្លូវហាយវ៉េ I-880 ភាគខាងជើងទីក្រុង Oakland ហើយត្រូវបានគេរាយការណ៍ថា ក្រុមអ្នកតវ៉ាបាននាំយកធុងដាក់ថ្មពេញមកដាក់លើផ្លូវហាយវ៉េ ហើយបានចងច្រវ៉ាក់ខ្លួនពួកគេជាប់នឹងធុងនោះ។
កងកម្លាំងអនុវត្តច្បាប់ បានចាប់ខ្លួនក្រុមបាតុករ ហើយបានបើកដំណើរការផ្លូវនោះឡើងវិញ។
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនបានបិទស្ពាន Golden Gate បណ្តាលឲ្យការធ្វើដំណើរកាលពីព្រឹកថ្ងៃចន្ទមានភាពវឹកវរ។