បែលហ្ស៊ិក៖ ទីក្រុង Dinant នៅភាគខាងត្បូងរបស់ប្រទេសបែលហ្ស៊ិក ត្រូវបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីមានផ្គររន្ទះរយៈពេល ២ម៉ោងបានប្រែក្លាយផ្លូវនានាទៅជាជ្រោះ ដែលបានធ្វើឲ្យរថយន្តជាច្រើនគ្រឿងរសាត់តាមទឹក និងជន់លិចចិញ្ចើមផ្លូវ ប៉ុន្តែមិនបានសម្លាប់នរណាម្នាក់ឡើយ។

ទីក្រុង Dinant បានរួចផុតពីទឹកជំនន់ដ៏សាហាវកាលពី ១០ថ្ងៃមុនដែលបានសម្លាប់មនុស្ស ៣៧នាក់នៅភាគអាគ្នេយ៍បែលហ្ស៊ិក និងជាច្រើននាក់ទៀតនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែព្យុះដ៏ខ្លាំងក្លាកាលពីថ្ងៃសៅរ៍បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ទឹកភ្លៀងដែលកំពុងជន់លិចតាមដងផ្លូវនានា បានបណ្ដាលឱ្យរថយន្តរាប់សិបគ្រឿងរសាត់គរលើគ្នានៅផ្លូវបំបែក ហើយបានហួរកួចគ្រួសក្រាលផ្លូវ និងជន់លិចលើចិញ្ចើមផ្លូវ។ យោងតាមទូរទស្សន៍ RTL របស់បែលហ្ស៊ិក មិនមានការប៉ាន់ប្រមាណជាក់លាក់នៃការខូចខាតនោះទេ ដោយក្រុមអាជ្ញាធរក្រុងបានព្យាករណ៍ថាវានឹងមានការខូចខាតធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន