នគរបាលអូស្ត្រាលីបាននិយាយនៅថ្ងៃអង្គារ ១៦ មេសានេះ ថា ការវាយប្រហារដោយកាំបិតក្នុងអំឡុងពិធីមួយនៅព្រះវិហារ Assyrian ក្នុងទីក្រុងស៊ីដនី គឺជាអំពើភេរវកម្មមួយដែលត្រូវបានជំរុញដោយអ្នកសង្ស័យថាជាអ្នកកាន់សាសនាជ្រុលនិយម។
មនុស្សយ៉ាងហោចណាស់៤នាក់ បានរងរបួសក្នុងការវាយប្រហារនេះ រួមទាំងគណៈសង្ឃជាន់ខ្ពស់ Mar Mari Emmanuel នៃវិហារ Assyrian Christ the Good Shepherd និងមនុស្សជាច្រើននាក់ត្រូវបានរងការវាយប្រហារដោយការចាក់នឹងកាំបិត ក្នុងអំឡុងការប្រារព្ធពិធីម៉ាស ( Mass) នៅតំបន់ Wakeley ជាយទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
ឧបទ្ទវហេតុនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នានៅខាងក្រៅព្រះវិហាររវាងនគរបាលនិងជាងមនុស្ស៥០០នាក់ជាអ្នកដើរតាមគណៈសង្ឃជាន់ខ្ពស់ ដែលទាមទារឱ្យប្រគល់អ្នកវាយប្រហារទៅពួកគេ។
នគរបាលបានចាប់ខ្លួនជនសង្ស័យជាបុរសវ័យ១៦ ឆ្នាំ ម្នាក់នៅកន្លែងកើតហេតុកាលពីថ្ងៃចន្ទ ហើយត្រូវបានបង្ខំឱ្យឃុំខ្លួនយុវជននោះនៅឯព្រះវិហារដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនសង្ស័យ ខណៈក្រុមអ្នកគោរពបូជាបានប្រមូលផ្តុំនៅខាងក្រៅ។
ស្នងការនគរបាលរដ្ឋ New South Wales លោក Karen Webb បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា យើងជឿថាមានចំណែកពាក់ព័ន្ធនឹងសាសនាដែលជំរុញរូបគេឲ្យធ្វើសកម្មភាពនេះ ។បន្ទាប់ពីពិចារណាលើសម្ភារៈទាំងអស់ ខ្ញុំបានប្រកាសថាវាជាឧបទ្ទវហេតុភេរវកម្ម៕