ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីនមិនមានផែនការផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាបន្ថែមទៀតនោះទេ បន្ទាប់ពីបានបង្កើនចំនួនជិតទ្វេដងកាលពីឆ្នាំមុនក្រោមកិច្ចព្រមព្រៀងការពារជាតិរួមគ្នា។
កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ហ្វីលីពីនពីបទ ដុតបញ្ឆេះភាពតានតឹង នៅពេល ខ្លួនបានបង្កើនចំនួនមូលដ្ឋានដែលយោធាអាមេរិកអាចប្រើប្រាស់ពីប្រាំ ដល់ទៅប្រាំបួន ដោយទីតាំងថ្មីស្ថិតនៅជិតកន្លែងដែលមានភាពតានតឹងខ្លាំង។
លោក Marcos ឆ្លើយថាទេ នៅពេលលោកបាននិយាយឆ្លើយតបនឹងសំណួរថាតើហ្វីលីពីននឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានបន្ថែមទៀតដែរឬអត់។
លោកបានប្រាប់វេទិកាជាមួយអ្នកយកព័ត៌មានបរទេសថា ហ្វីលីពីនមិនមានគម្រោងបង្កើតមូលដ្ឋានបន្ថែមទៀត ឬផ្តល់សិទ្ធិចូលទៅកាន់មូលដ្ឋានបន្ថែមទៀតទេ ។
កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល បានពិភាក្សាគ្នាអំពីការពង្រីកមូលដ្ឋានបន្ថែមទៀត ដែលកងកម្លាំងសហរដ្ឋអាមេរិកអាចចូលដំណើរការបានក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)។
ទីតាំងចំនួន៣ ក្នុងចំណោមទីតាំងទាំង៤ បែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ និងមួយកន្លែងនៅជិតប្រជុំកោះ ស្ព្រាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងមានការប៉ះទង្គិចគ្នានៅលើដែនសមុទ្រជាញឹកញាប់ រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹក និងយុទ្ធសាស្ត្រប៉ះទង្គិចរបស់ចិន។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានធ្វើជាម្ចាស់ផ្ទះទទួលលោក Marcos និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុននៅឯកិច្ចប្រជុំកំពូលត្រីភាគីដំបូងរបស់ខ្លួនបានស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន១២៨លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារចំនួន៩ ទីតាំង ៕