អាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈនៅក្នុងឆ្នាំនេះ មានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន ធ្វើឲ្យការលក់ដូររបស់ពួគគាត់លក់ដាច់ដោយទទួលបានចំណូលសមរម្យ។
អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ នៅក្នុងថ្ងៃទី៤ បានលើកឡើងឲ្យដឹងថា នៅក្នុងឆ្នាំនេះ ឃើញថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពល្អប្រសើរ និងស្របពេលស្ថានភាពអាជីវកម្ម សិប្បកម្ម និងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងស្រុក បានកំពុងដំណើរការឡើងវិញ, ជាពិសេសប្រជាពលរដ្ឋអាចរកចំណូលបានឡើងវិញ បានធ្វើឲ្យពួកគាត់ចេញដើរកម្សាន្តជាហូរហែរ ជាពិសេសនៅក្នុងសង្ក្រាន្តវត្តភ្នំក្នុងឆ្នាំនេះជាដើម ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងក្នុងរយៈពេល៤ ថ្ងៃ គិតទាំងថ្ងៃចុងក្រោយនេះ ពួកគាត់បានលក់ ដូរដាច់យ៉ាងខ្លាំង ជាពិសេសការលក់ដូរភេសជ្ជៈ គ្រឿងបរិភោគផ្សេងៗ និងការលក់ម្សៅជាដើម ដែលការចូលរួមចំណែក ផ្គត់ផ្គង់ដល់ ការហូបចុករបស់ពួកគាត់ និងជាការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគាត់ ក៏ដូចជាការចូលរួម ចំណែកក្នុងពិធីថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្ត ដោយនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានបងប្អូនអាជីវករមកលក់ដូរជាច្រើនផងដែរ ហើយក្នុងឱកាសនេះដែរ សមាជិកនៃគណៈកម្មាធិការ ជាតិជំរុញចលនាភូមិ១ផលិតផល១ ក៏បានចេញលក់ផលិតផលនៅតាមសង្រ្កាន្តរាជធានីខេត្ត ដើម្បីស្វែងរកប្រាក់ចំណូល ការផ្សព្វ ផ្សាយផលិតផលិត និងការផ្គត់ផ្គង់ដល់ការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី