បាល់ទាត់៖ អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានចុះហត្ថលេខាថ្មីបន្តដឹកនាំក្រុមដល់ឆ្នាំ២០២៤ អមជាមួយនឹងលក្ខខណ្ឌបន្តច្រើនឆ្នាំទៅមុខទៀត។ អ្នកចាត់ការសញ្ជាតិណ័រវេយវ័យ ៤៨ឆ្នាំរូបនេះបានទទួលតំណែងដឹកនាំក្រុមនៅ Old Trafford នេះនៅឆ្នាំ២០១៩ បន្ទាប់ពីចំណាយពេល ៣ខែដឹកនាំបណ្តោះអាសន្នបន្តពីលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។

Manchester United បានបញ្ចប់រដូវកាលមុននៅ English Premier League ជាជើងឯករង និងជាជើងឯករងនៅពានរង្វាន់អឺរ៉ុប UEFA Europa League ផងដែរក្រោយចាញ់ Villarreal នៅវគ្គផ្តាច់ព្រ័ត្រ។ រំលឹកថា លោក Ole Gunnar Solskjaer ធ្លាប់ចំណាយពេល ១១រដូវកាលជាកីឡាកររបស់ Manchester United និងជាអ្នកស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រយកឈ្នះ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រលើកពាន UEFA Champions League នៅឆ្នាំ១៩៩៩។ តាំងពីការចាកចេញរបស់ Sir Alex Ferguson ដែលគេចាត់ទុកជាវិរបុរសរបស់ក្រុមបិសាចក្រហម Manchester United នៅឆ្នាំ ២០១៣ លោក Ole Gunnar Solskjaer គឺជាអ្នកចាត់ការពេញម៉ោងទី៤ ហើយដែលដឹកនាំក្រុមបន្ទាប់ពី David Moyes, Louis van Gaal និង Jose Mourinho។
Manchester United ចុងសប្តាហ៍កន្លងទៅ ទើបតែប្រកាសពីការមកដល់របស់ខ្សែបំរើស្លាបអង់គ្លេស Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃ ៧៣លានផោន តែថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះដែរ Manchester United បានរងបរាជ័យធ្ងន់ក ៤-២ នៅទឹកដីរបស់ QPR នៅក្របខណ្ឌ League Championship ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលថ្មី។ បន្ទាប់ពីជួប QPR នេះ Manchester United នឹងត្រូវជួបជាមួយ Brentford, Preston និង Everton មុនបើករដូវកាលថ្មី English Premier League នៅថ្ងៃទី១៤ ជួបជាមួយ Leeds United នៅ Old Trafford៕
អត្ថបទ៖នាង សុភាវុធ