ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន លោក អេង អូន ដែលគេស្គាល់ជាមន្ត្រីយោធានៅអង្គភាពកងទ័ពជើង អាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោកនិងរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលពេលនេះ លោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា លោក អេង អូន ក៏ត្រូវបានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ របស់លោកបានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាកពិន័យ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ។
បច្ចុប្បន្ន លោក អេង អូន ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់បណ្ដោះអាសន្ន ត្រៀមបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ កុម្ភៈ


