ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific-ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនាថ្ងៃនេះ។
អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តានុពល នៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕