ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ( Joe Biden)និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូហាម៉េដ ស៊ីដា ស៊ុដានី ( Mohamed Shia al-Sudani) បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេនឹងបន្តធ្វើការឆ្ពោះទៅរកការដកខ្លួនចេញពីក្រុមចម្រុះប្រឆាំងជីហាដដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ។

កិច្ចប្រជុំរបស់ពួកគេនៅសេតវិមាន បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រទេសជិតខាងរបស់អ៊ីរ៉ាក់ អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៊ីស្រាអែល កាលពីចុងសប្តាហ៍។
សម្ព័ន្ធយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ជាឆ្នាំដែលក្រុមជីហាដ បានកាន់កាប់ជិតមួយភាគបីនៃទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ និងទឹកដីនៃប្រទេសស៊ីរីដែលនៅជិតខាង។

អ៊ីរ៉ាក់បាននិងកំពុងព្យាយាមគេចចេញពីភាពតានតឹងក្នុងតំបន់ ចំពេលមានសង្រ្គាមរយៈពេល៦ខែ ដែលធ្វើឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់ នៅតំបន់ហ្កា ហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។
ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ រួមទាំងមានមូលដ្ឋាននៅអ៊ីរ៉ាក់ បានចាប់ ផ្តើមការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល។