ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្ហាញដោយផ្ទាល់នូវការព្រួយបារម្ភទៅកាន់ទីក្រុងប៉េកាំង អំពីសម្ភារៈរបស់ប្រទេសចិនដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីដើម្បីផលិតអាវុធ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហានេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។
លោក Miller បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ដល់ប្រទេសចិនជាយូរមកហើយ នូវការព្រួយបារម្ភរបស់ខ្លួនអំពីសកម្មភាពណាមួយដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក និយាយថា នេះរួមបញ្ចូលមិនត្រឹមតែការគាំទ្រផ្នែកយោធាដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ វិធានការណាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនចិន នឹងកសាងឡើងវិញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។

លោក Miller និយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក បានឃើញសម្ភារៈជាច្រើនចេញពីប្រទេសចិនទៅកាន់ប្រទេសរុស្ស៊ី ដែលត្រូវបានប្រើប្រាស់ដើម្បីកសាងឡើងវិញនូវមូលដ្ឋានឧស្សាហកម្មនោះ និងផលិតអាវុធ ដែលកំពុងបង្ហាញនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា ប្រទេសចិន បានផ្តល់សម្ភារៈដល់ប្រទេសរុស្ស៊ី ដូចជាម៉ាស៊ីនទុរប៊ីន និងបច្ចេកវិទ្យាសម្រាប់មីស៊ីលតម្រង់គោលដៅ ព្រមទាំងម៉ាស៊ីនសម្រាប់យានដ្រូន។ របាយការណ៍បាននិយាយថានៅឆ្នាំ ២០២៣ ប្រហែល៩០ភាគរយនៃគ្រឿងអេឡិចត្រូនិច ដែលរុស្ស៊ីប្រើប្រាស់ដើម្បីផលិតមីស៊ីល រថក្រោះ និងយន្តហោះ ត្រូវបាននាំចូលពីប្រទេសចិន។