រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោកទុង ជុន(Dong Jun)តាមវីដេអូ កាលពីថ្ងៃអង្គារទី១៦ខែមេសា សប្ដាហ៍នេះ ក្នុងការពិភាក្សាប្រកបដោយអត្ថន័យជាលើកដំបូង រវាងប្រមុខការពារជាតិរបស់មហាអំណាចពិភពលោកទាំង២ ក្នុងរយៈពេលជិត១៨ខែ។

សហរដ្ឋអាមេរិក បានកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិ ជាមួយសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនដែលចេះតែកើនឡើង ប៉ុន្តែក៏ចង់ រក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំងដែរក្នុងការទប់ស្កាត់ភាពតានតឹងកុំឲ្យរីកហួសពីការគ្រប់គ្រង។ មន្ទីរបញ្ចកោនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មន្ត្រីមកពីប្រទេសទាំង ២ បានពិភាក្សាពីទំនាក់ទំនងការពារជាតិរវាងអាមេរិកនិងចិន បញ្ហានិងសន្តិសុខទាំងក្នុងនិងក្រៅតំបន់។

លោក Austin បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តទំនាក់ទំនងបើកចំហ នៃការប្រាស្រ័យទាក់ទងគ្នាផ្នែកយោធា ទៅយោធា រវាងអាមេរិក និងចិន ក្រោយការពិភាក្សារវាងប្រទេសទាំង២ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
លោក Austin ក៏បានបញ្ជាក់ជាថ្មីផងដែរថាសហរដ្ឋអាមេរិក នឹងបន្តហោះហើរ បើកនាវា និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ គ្រប់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការគោរពសេរីភាពសមុទ្រឲ្យបានខ្ពស់នៃការធ្វើនាវាចរណ៍ដែលត្រូវបានទទួលខុសត្រូវ ក្រោមច្បាប់អន្តរជាតិ ពិសេសនៅក្នុងសមុទ្រចិនខាងត្បូង។
ជាការឆ្លើយតបពីទីក្រុងប៉េកាំង លោក ទុង បានប្រើកិច្ចពិភាក្សានេះអំពាវនាវឲ្យកសាងទំនុកចិត្តកាន់តែប្រសើររវាងប្រទេសទាំង២ ។ យោងតាមអំណាន ក្នុងទីក្រុងប៉េកាំង លោក ទុង បានប្រាប់លោកអូស្ទីន ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែចាប់យកសន្តិភាពជាវត្ថុមានតម្លៃបំផុត ហើយចាប់យកស្ថិរភាពជារឿងសំខាន់បំផុត៕
