ពោធិ៍សាត់៖ សង្ក្រាន្តបាកាន២០២៤ ដែលមានរយៈពេល៤ថ្ងៃពេញ គឺចាប់ថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលបានរៀបចំធ្វើឡើងក្នុងបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបានចូលមកទស្សនា លេងកម្សាន្តយ៉ាងច្រើនកុះករ ជាមួយកម្មវិធីយ៉ាងសម្បូរបែប ក្នុងនោះមានការចាប់អារម្មណ៍ខ្លាំងលើការរាំងចង្វាក់ប្រពៃណីខ្មែរ និងរាំទូលក្អមដោយយុវជន ៥០០នាក់មកពីឃុំទាំង៩ក្នុងស្រុកបាកាន។
បើតាម ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និងជាប្រធានគណៈកម្មការរៀបចំសង្ក្រាន្តបាកានឆ្នាំ២០២៤ បានឲ្យដឹងថា រយៈពេល៤ថ្ងៃពេញនៃសង្ក្រាន្តបាកាន មានកម្មវិធីយ៉ាងច្រើនរួមមានការប្រគំតន្ត្រីដោយតារាចម្រៀងល្បីៗមកភ្នំពេញ តារាកំប្លែងល្បីៗ , កម្មវិធីរាំចង្វាក់ប្រពៃណីខ្មែរ និងប្រកួតរាំម៉ាឌីហ្សុនទូលក្អមដោយយុវជន៥០០នាក់ , កម្មវិធីប្រដាល់បែបស្រុកស្រែ ,ការសម្តែងរបាំងខ្មែរ ,តាំងពិព៌ណស្នាដៃនិងផលិតផលឃុំទាំង៩, ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ, កម្មវិធីប្រកួតបាល់ទះ , ហើយក៏មានក្រុមDJ និងការរាំកម្សាន្ត ដោយមានបាញ់ទឹកនិងបាញ់ពពុះសាប៊ូរផងដែរ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះកម្មវិធីរាំចង្វាក់ប្រពៃណីខ្មែរដោយក្រុមយុវជនចំនួន ៥០០នាក់គឺចង់ឲ្យយុវជនចូលរួមថែរក្សានូវអ្វីជារបស់ខ្មែរ ដូនតាយើងបានបន្សល់ទុកឲ្យ ចំណែកការប្រកួតរាំម៉ាឌីហ្សុនទូលក្អមដោយយុវជន៥០០នាក់គឺមានអត្ថន័យចង់ឲ្យយុវជនចេះមានចិត្តអំណត់អត់ធ្មត់ និងជាពិសេសគឺចេះរួមសាមគ្គីភាពគ្នាទើបទទួលបានជ័យជម្នះ ដូចពាក្យ “សាមគ្គី១០ ជ័យជម្នះ១០” ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសង្ក្រាន្តបាកាន២០២៤ កាលពីរសៀលថ្ងៃទី១៣ មេសា ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានមានប្រសាសន៍លើកឡើងថា ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ក៏ដូចជាក្នុងខេត្តពោធិ៍សាត់ ក្រុមការងារចុះជួយស្រុកបាកាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងគណៈកម្មការវត្តបាកាន ដើម្បីរៀបចំសង្ក្រាន្តបាកានឆ្នាំ២០២៤នេះឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។ ក្រៅពីសង្ក្រាន្តបាកាន២០២៤នេះដែលជាកម្មវិធីធំថ្នាក់ស្រុក ឯកឧត្តម កែវ រតនៈ ក៏បានណែនាំឲ្យក្រុមការងារតាមឃុំទាំង៩ ក្នុងស្រុកបាកានរៀបចំកម្មវិធីសង្ក្រាន្តតាមឃុំរៀងៗខ្លួនផងដែរ៕