ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស បានអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងកិច្ចការពារនូវមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងថ្មីប្រភេទDeltaបានកំពុងបន្តកើនឡើងនៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ហើយមេរោគបំប្លែងថ្មីនេះ វាមិនងាយរកឃើញឆាប់រហ័សដូចមេរោគកូវីដ១៩ដំបូងនោះទេ។
ក្នុងឱកាសនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីជាថវិកា៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតា លោកយាយ ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់កុំអាងខ្លួនចាក់វ៉ាក់សំាងរួចហើយធ្វេសប្រហែសហើយមិនអនុវត្ត៣កុំ ៣ការពារនោះពីព្រោះថា មេរោគកូវីដ១៩នេះ ជាពិសេសមេរោគបំប្លែងថ្មីនេះវានៅបន្តយាយីដល់យើងគ្រប់ពេលប្រសិនបើយើងទាំងអស់គ្នាមិនប្រុងប្រយ័ត្ននោះ។
លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ វាគ្រាន់តែបានជួយការពារសរីរាង្គយើងមិនឲ្យមានការឆ្លង និងវិវត្តទៅធ្ងន់ធ្ងរឆាប់រហ័សប៉ុណ្ណោះទេ វាមិនបានជួយទប់ស្កាត់មិនឲ្យឆ្លងមកយើងនោះឡើយប្រសិនបើយើងទាំងអស់គ្នាមិនបន្តប្រុងប្រយ័ត្ន និងការពារដោយខ្លួនឯងស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលនោះ។
ក្នុងឱកាសបន្តយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាថវិកា៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយ ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ប្រាប់ដល់បងប្អូនជនរួមជាតិទាំងអស់ផងដែរថា វ៉ាក់សាំងដែលនឹងត្រូវចាក់ជូនដល់កុមារកម្ពុជា ចាប់ពីអាយុ ១២ឆ្នាំ ដល់១៧ឆ្នាំនោះ វាប្រៀបដូចជាវ៉ាក់សាំងចាក់ការពារមេរោគកញ្ជ្រឹលមេរោគតេតាណូស គ្រុនចាញ់ គ្រុនឈាម និងមេរោគផ្សេងៗទៀតយ៉ាងដូច្នេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ហើយគម្បីនាំកូនចៅរបស់ខ្លួនទៅចាក់នាពេលខាងមុខនេះ ដូចអ្វីដែលរាជរដ្ឋាភិបាលបានគ្រោងទុកនោះ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៦ ខែកក្កដានេះ ក្រុមការងារចាក់វ៉ាក់សំាងជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសបានជាង៦លាននាក់ហើយ ខណៈយុទ្ធនាការនៃការចាក់នេះបានកំពុងបន្តដូចភ្លៀងរលឹម ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្របទៅតាមគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាល ៕
អត្ថបទ បាន ចក់

