
រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) កាលពីថ្ងៃអង្គារ (១៦ មេសា) បាននិយាយថា យោធារបស់ចិន និងសហរដ្ឋអាមេរិក គួរតែរិះរកមធ្យោបាយដើម្បីចុះសម្រុងនឹងគ្នា ហើយនិងកសាងកិច្ចសហប្រតិបត្តិការ «បែបមិនមានជម្លោះ និងមិនប្រឈមមុខដាក់គ្នា ដោយបើកចំហ និងជាក់ស្តែង»។
លោក តុង បានធ្វើការលើកឡើងនេះក្នុងពេលកំពុងជួបប្រជុំតាមអ៊ិនធើណិតជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) តាមសំណើរបស់ភាគីទាំងពីរ ដោយជំរុញឱ្យយោធាទាំងពីរបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកដោយផ្អែកលើសមភាព និងការគោរព ហើយដើម្បីបម្រើយ៉ាងពិតប្រាកដជាមូលដ្ឋានគ្រឹះស្ថិរភាពសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរ។
លោក តុង បានសង្កត់ធ្ងន់ប្រាប់អាមេរិកថា បញ្ហាកោះតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍របស់ចិន ដែលនឹងមិនមានការសម្របសម្រួលឡើយ ដោយបានចង្អុលបង្ហាញថាកងទ័ពរំដោះប្រជាជនចិន នឹងមិនចុះចាញ់នឹងសកម្មភាពផ្តាច់ខ្លួន «ឯករាជ្យតៃវ៉ាន់» និងការយល់ឃើញពីខាងក្រៅឡើយ។
ដោយកត់សម្គាល់ថាស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងត្បូងជាទូទៅមានស្ថិរភាព ហើយបណ្ដាប្រទេសក្នុងតំបន់មានឆន្ទៈ ពុទ្ធិ និងសមត្ថភាពដោះស្រាយបញ្ហានោះ លោក តុង បានជំរុញឱ្យភាគីអាមេរិកទទួលស្គាល់ជំហររឹងមាំរបស់ចិន គោរពអធិបតេយ្យភាពទឹកដី និងសិទ្ធិដែនសមុទ្ររបស់ចិន និងផលប្រយោជន៍ក្នុងតំបន់ ហើយធ្វើសកម្មភាពជាក់ស្តែងដើម្បីការពារសន្តិភាពក្នុងតំបន់ និងស្ថិរភាពនៃទំនាក់ទំនងរវាងយោធាទាំងពីរ៕