បាល់ទាត់៖ ខ្សែប្រយុទ្ធជើងចាស់បារាំង Andre-Pierre Gignac ធ្វើបាន ៣គ្រាប់ម្នាក់ឯងឱ្យបារាំងតាមពីក្រោយ ៣ដងយកឈ្នះអាហ្វ្រិកខាងត្បូង ៤-៣ បន្តក្តីសង្ឃឹមនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ បន្ទាប់ពីចាញ់ប្រកួតដំបូងនៅក្នុងពូល A បារាំងត្រូវបានអាហ្វ្រិកខាងត្បូងនាំមុខ ៣លើកនៅវគ្គទី២ បន្ទាប់ពីវគ្គទី១ គ្មានក្រុមណារកបានគ្រាប់បាល់។

អតីតខ្សែប្រយុទ្ធ Marseille, Andre-Pierre Gignac ដែលបច្ចុប្បន្នលេងនៅក្លិបម៉ិកស៊ិក Tigres ក្លាយជាវិរបុរសរបស់ក្រុមបារាំង ដោយរកបានគ្រាប់បាល់តាមស្មើ ៣លើកផ្ទួនៗ មុនពេលដែល Teji Savanier ជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះឱ្យក្រុមបារាំងនៅនាទីទី៩០+២។ នៅក្នុងពូល A នេះជប៉ុនឈ្នះ ២ប្រកួតជាប់គ្នាបន្ទាប់ពីឈ្នះម៉ិកស៊ិក ២-១ ម្សិលមិញនេះដែរមាន ៦ពិន្ទុពេញកក់កៅអីនៅវគ្គបន្ត ខណៈបារាំង និងម៉ិកស៊ិកមាន ៣ពិន្ទុដូចគ្នា។ នៅក្នុងពូល B វិញក្រោយ ២ប្រកួតក្រុមទាំង ៤ មាន ៣ពិន្ទុដូចគ្នា បន្ទាប់ពីហុងឌុយរ៉ាសយកឈ្នះនូវែហ្ស៊ីឡង់ ៣-២ និងកូរ៉េខាងត្បូងយកឈ្នះរ៉ូម៉ានី ៤-០។

នៅក្នុងពូល C អេស្ប៉ាញយកឈ្នះអូស្ត្រាលី ១-០ ដោយ Mikel Oyarzabal ខណៈអាហ្សង់ទីនយកឈ្នះអេហ្ស៊ីប ១-០។ ពូល C នេះអេស្ប៉ាញឈរលើគេមាន ៤ពិន្ទុ ខណៈអូស្ត្រាលី និងអាហ្សង់ទីនមាន ៣ពិន្ទុដូចគ្នា។ ចំណែកពូល D ម្ចាស់មេដាយមាស ២០១៦ ប្រេស៊ីលត្រូវរង់ចាំដល់ប្រកួតចុងក្រោយដើម្បីដឹងថាឡើងជុំបន្តរឺអត់ ក្រោយបានត្រឹមស្មើកូឌីវ័រ ០-០ ម្សិលមិញ ស្របពេលអាល្លឺម៉ង់យកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៣-២។ ប្រេស៊ីលឈរលើគេក្នុងពូល D នេះមាន ៤ពិន្ទុស្មើគ្នាជាមួយកូឌីវ័រ ខណៈអាល្លឺម៉ង់លេខ៣ មាន ៣ពិន្ទុ និងអារ៉ាប៊ីសាអ៊ូឌីត ០ពិន្ទុ។ វិញ្ញាសាបាល់ទាត់បុរសនៅអូឡាំពិកទីក្រុងតូក្យូ នឹងបញ្ចប់វគ្គវិលជុំក្នុងពូលនៅថ្ងៃពុធ៕
អត្ថបទ៖នាង សុភាវុធ