អាមេរិក៖ អ្នកជំនាញខាងសុខភាពជាន់ខ្ពស់បានព្រមានថា សហរដ្ឋអាមេរិកកំពុងដើរខុសទិសដៅទាក់ទងនឹងវីរុសរាតត្បាតសកលកូរ៉ូណា ខណៈដែលការឆ្លងបានកើនឡើងក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។

លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា វីរុស Covid-19 បម្លែងខ្លួនថ្មីកំពុងជំរុញឱ្យមានការឆ្លងកើនឡើងនៅក្នុងតំបន់នានា ដែលមានអត្រាចាក់វ៉ាក់សាំងទាប។ លោកបាននិយាយថា ក្រុមមន្ត្រីសុខាភិបាលកំពុងពិចារណាលើការកែប្រែសេចក្ដីណែនាំ ស្ដីពីការពាក់ម៉ាស់សម្រាប់ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងរួចរាល់ ដើម្បីទប់ស្កាត់ករណីឆ្លងនានាបន្ថែមទៀត។ លោកថា ការផ្ដល់វ៉ាក់សាំងដូសបន្ថែមដល់មនុស្សដែលងាយប្រឈម ក៏ស្ថិតក្រោមការពិនិត្យឡើងវិញដែរ។
លោកវេជ្ជបណ្ឌិត Fauci ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា ស្ថានភាពវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកំពុងក្លាយជាជំងឺរាតត្បាតសកល ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ ទិន្នន័យផ្លូវការបង្ហាញថា មនុស្សជាង ១៦២.៧លាននាក់ ឬស្មើ ៤៩% នៃចំនួនប្រជាជនអាមេរិកសរុបបានចាក់វ៉ាក់សាំងរួចរាល់នៅក្នុងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន