ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃពុធ (ទី១៧ ខែមេសា) បានជំរុញឲ្យដំឡើងពន្ធ ៣ដងលើដែកថែប និងអាលុយមីញ៉ូមរបស់ចិន ដោយលើកហេតុផលពី «ការប្រកួតប្រជែងមិនយុត្តិធម៌» ខណៈដែលរូបលោកស្វែងរកការគាំទ្រពីអ្នកធ្វើការដោយដៃ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
ការអំពាវនាវរបស់លោក Biden កើតមានឡើងនៅពេលដែលតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិន ក្នុងវិស័យសាងសង់នាវា ដែនសមុទ្រ និងភស្តុភារ ដើម្បីឆ្លើយតបទៅនឹងញត្តិនាពេលថ្មីៗនេះរបស់សហជីពចំនួន៥ របស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីកំពុងរៀបចំដើម្បីថ្លែងទៅកាន់កម្មករដែកនៅទីក្រុង Pittsburgh នាថ្ងៃពុធនេះ ដែលជាថ្ងៃទី២នៃការធ្វើដំណើរដ៏សំខាន់រយៈពេល ៣ថ្ងៃឆ្លងកាត់រដ្ឋ Pennsylvania។ ទាំងលោក Biden និងគូប្រជែងនៅក្នុងការបោះឆ្នោតរបស់លោក គឺលោក Donald Trump កំពុងប្រកួតប្រជែងគ្នា ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោតធ្វើការដោយដៃ ដោយសន្យាថា នឹងធ្វើឲ្យផលិតកម្មអាមេរិករស់ឡើងវិញ។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គោលនយោបាយ និងការឧបត្ថម្ភធនរបស់ចិនសម្រាប់ឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមក្នុងស្រុករបស់ខ្លួន មានន័យថា ផលិតផលអាមេរិកដែលមានគុណភាពខ្ពស់ត្រូវបានរងផលប៉ះពាល់ដោយជម្រើសតម្លៃទាបមិនយុត្តិធម៌របស់ចិន ដែលផលិតជាមួយនឹងការបំភាយឧស្ម័នខ្ពស់»។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនមានចំណែកប្រហែលពាក់កណ្តាលនៃផលិតកម្មដែកសកល ខណៈដែលការនាំចេញលោហៈមានតម្លៃទាបជាងតម្លៃដែកថែបរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង។ នៅពេលដែល USTR ពិនិត្យមើលពន្ធគយដែលដាក់លើប្រទេសចិនអំឡុងរដ្ឋបាលរបស់លោក Trump លោក Biden បានជំរុញឲ្យស្ថាប័ននេះបង្កើនអត្រាដែលមានស្រាប់ ៣ដង នៅត្រង់កថាខណ្ឌ ៣០១ នៃច្បាប់ពាណិជ្ជកម្ម៕