ស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងកាលព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ ថា«សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេថែមទាំងជួយសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ១៩។
ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចុះពិនិត្យនិងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិត ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះផងដែរ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នា និងដោយឥតគិតថ្លៃដែល។ ទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកថា «វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត» ជួយបងប្អូនឲ្យរួចផុតពីជំងឺចង្រៃនេះ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានកងទ័ពពិសេសដែលបានបញ្ជូនក្រុមគ្រូពេទ្យមកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំងបានជម្រុញឲ្យឪពុកម្ដាយទាំងអស់ ត្រូវនាំកូនដែលមានអាយុចាប់ពី១២-១៧ឆ្នាំមកចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ឲ្យបានគ្រប់ៗគ្នា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។
ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រដែលកំពុងជាប់ធ្វើចត្តាឡីស័ក៕
អត្ថបទ ៖ សារិទ្ធ





