រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក ដេវីត កាមេរុន ( David Cameron) បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានសម្រេចចិត្តឆ្លើយតបនឹងការវាយប្រហារដែលអ៊ីរ៉ង់ បានធ្វើឡើងប្រឆាំងនឹងអ៊ីស្រាអែល កាលពីចុងសប្តាហ៍។
ការអធិប្បាយរបស់លោកកាមេរុនធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោកបានប្រាប់អ្នកសារព័ត៌មានថា លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ីស្រាអែល និងជំរុញឲ្យពួកគេបន្ថយភាពតានតឹង បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog។
លោកកាមេរុន បានបញ្ជាក់ថា៖«ស្ថានភាព គឺមានការព្រួយបារម្ភខ្លាំងណាស់។ វាជាការត្រឹមត្រូវក្នុងការបង្ហាញពីសាមគ្គីភាពជាមួយអ៊ីស្រាអែល។ វាជាការត្រឹមត្រូវក្នុងការធ្វើឲ្យទស្សនៈរបស់យើងច្បាស់លាស់អំពីអ្វី ដែលគួរកើតឡើងបន្ទាប់» នេះបើយោងតាមការិយាល័យក្រសួងការបរទេស។
លោកបានបន្ថែមថា៖«ប៉ុន្តែវាច្បាស់ណាស់ថា អ៊ីស្រាអែលកំពុងធ្វើការសម្រេចចិត្ត ដើម្បីធ្វើសកម្មភាព។ យើងសង្ឃឹមថា ពួកគេធ្វើដូច្នេះក្នុងវិធីមួយដែលធ្វើតិចតួច ដើម្បីបង្កើនស្ថានភាពកាន់ខ្លាំងឡើង តាមដែលអាចធ្វើទៅបាន»។
ពុំមិនទាន់ច្បាស់នៅឡើយទេថាតើអ៊ីស្រាអែលនឹងឆ្លើយតបបែបណា ប្រសិនបើខ្លួនជ្រើសរើសធ្វើដូច្នេះ ប៉ុន្តែលោកណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះ នឹងសម្រេចចិត្តដោយខ្លួនឯងអំពីវិធីឆ្លើយតប។