គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ក្នុងឆ្នាំ ២០២៤ នេះ នឹងទទួលបានការចុះបញ្ជីចូលជាសមាជិកថ្មីចំនួន ៣០០ បន្ថែមទៀត ដែលនឹងធ្វើឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ មានសមាជិកកាន់តែច្រើន នឹងមានផលិផលកាន់ច្រើនសម្រាប់លក់លើទីផ្សារ។
ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចុះបញ្ជីផលិតផលចូលជាសមាជិក នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នេះថា ជុំវិញសហគ្រាស និងសិប្បកម្មវេចខ្ចប់ក្នុងស្រុក គណៈកម្មាធិការជាតិបានខិតខំប្រឹងប្រែង និងជួយជ្រោមជ្រែងលើកកម្ពស់ ដល់សហគ្រាសក្នុងស្រុក ឲ្យបន្តក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីផ្គត់ផ្គង់ទំនិញចូលទីផ្សារឲ្យបានកាន់តែច្រើន មានមុខរបរ និងជីវភាព រស់កាន់តែសមរម្យ។
ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងសមាជិកនៅក្នុងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ មកដល់បច្ចុប្បន្ន មានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះផលិតកម្មជាច្រើនបានអនុវត្តស្របតាមស្តង់ដារត្រឹមត្រូវ ដោយបានគិតដល់បញ្ហាសុវត្ថិភាព គុណភាព និងអនាម័យ ហើយនៅក្នុងឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រំពឹងថា នឹងទទួលបាន សមាជិកបន្ថែមទៀត ដែលនឹងធ្វើឲ្យផលិតផលនៅក្នុងចលនាភូមិ១ផលិតផល១ មានកាន់តែច្រើន ដើម្បីរួមគ្នាផលិតរុញចូលទីផ្សារ ឲ្យបានកាន់តែច្រើន។
ជុំវិញចលនាភូមិ១ផលិតផល១នេះ មកដល់បច្ចុប្បន្នគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ មានសមាជិកសរុបប្រមាណ ជាង ៦០០ ក្រុមហ៊ុន/សហគ្រាស ហើយសមាជិកនីមួយៗមានផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពី១ផលិតផលឡើង ទៅ ក្នុងនោះបើគិតជាផលិតផលសរុបមានប្រមាណជាង ១ ពាន់មុខរយ, ហើយនៅក្នុងឆ្នាំ ២០២៤ នេះ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ រំពឹងថា នឹងទទួលបានការចុះបញ្ជីជាសមាជិកចំនួន ៣០០ ក្រុមហ៊ុន/សហគ្រាស ដែលនឹងដែលអាច ធ្វើឲ្យមានផលិតផលកាន់តែច្រើនសម្រាប់លក់នៅលើទីផ្សារ និងការនាំចេញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី