ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រមខណ្ឌទូទាំងខេត្តបន្ថែមទៀត បន្ទាប់ពីយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុក ព្រែកប្រសព្វរួចមក។
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ និងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាឃុំនានា ក្នុងស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកស្នួល ក្នុងខេត្តក្រចេះ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ដោយផ្អែកលើគោលការស្ម័គ្រចិត្ត និងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះទៅ ពេលព្រឹកពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទី និងពេលរសៀល ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី។
នៅក្នុងចំណោមស្រុកទាំង៣ ក្នុងនោះស្រុកចិត្របុរី មានប្រជាពលរដ្ឋរស់នៅក្នុងឃុំ ចំនួន៩ត្រូវចាក់, ស្រុកសំបុរ មានឃុំចំនួន ៨ ត្រូវចាក់ និងស្រុកស្នួល មានប្រជាពលរដ្ឋរស់នៅ ក្នុងឃុំចំនួន ៦ ដែលត្រូវចាក់ចាក់វ៉ាក់សាំងការពារកូវីដ-១៩។
ដោយឡែកសម្រាប់ស្រុកចិត្របុរី បានដំណើរការចាក់នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងដោយមានការ ចូលរួមពីយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងយុវជនស្រឡាញ់សន្តិភាព ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវវ៉ាក់សាំង ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។
ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល គឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំង គឺងាយស្រួលក្នុង ការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។
ឯកឧត្តម បានបន្តថា បើទោះពុកម៉ែបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬ បានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។
គូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្រុងស្រុកចំនួន៣ រួមមាន ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង គិតត្រឹមវេលាម៉ោង ៥:០០នាទីរសៀល ការចាក់វាំក់សាំងទាំង២ប្រភេទ សរុបមានចំនួន ២៦,៦៩២ដូស ស្មើនឹងប្រជាពលរដ្ឋ ២៦,៦៩២ នាក់ ក្នុងនោះស្រី ១៣,៦១២ នាក់៕




