បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកបឹងកេត នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯកពានរង្វាន់ Cambodia Airways Cup 2021 គឺក្រុមនគរបាលជាតិនាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី២៧ ខែកក្កដានេះក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។

នេះគឺជាជំនួបគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់អ្នកគាំទ្រ ដ្បិតកាលពីជួបគ្នាក្នុងពាន Pre-Season មុនបើករដូវកាលថ្មី ក្រុមនគរបាលជាតិធ្លាប់បានយកឈ្នះក្រុមនាគខៀវ ២-១ ម្ដងរួចមកហើយនៅលើទឹកដីក្រុមបឹងកេត។ ប៉ុន្ដែបើនិយាយពីប្រវត្តិជួបគ្នាក្នុងលីគ ៥លើកចុងក្រោយវិញ នគរបាលជាតិមិនធ្លាប់ឈ្នះ ឬស្មើបឹងកេតម្ដងឡើយ។ យ៉ាងណាមិញក្រឡេកមកមើលលទ្ធផលក្នុងរដូវកាលថ្មីនេះវិញ ៥ប្រកួតរបស់ក្រុមនគរបាលជាតិទើបរកបាន ១ពិន្ទុប៉ុណ្ណោះដែលរកបានពីការប្រកួតស្មើក្រុមវិសាខា។ រីឯក្រុមបឹងកេតកំពុងឈរលេខ៦ និងមាន ១៥ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ៨ប្រកួតឈ្នះ៥ និងចាញ់៣។ ដូច្នេះការប្រកួតរសៀលនេះគឹជាជំនួបដ៏សំខាន់របស់ក្រុមទាំងពីរ។
សម្រាប់ក្រុមបឹងកេតគឺត្រូវការ ៣ពិន្ទុដាច់ខាតដើម្បីពង្រឹងឱកាសការពារតំណែងជើងឯករបស់ខ្លួន ស្របពេលពួកគេកំពុងប្រដេញក្រុមកំពូលតារាង ៥ពិន្ទុ និងប្រដេញក្រុមលេខ២ និងលេខ៣ ចំនួន ៤ពិន្ទុពីក្រោយ។ ចំណែកក្រុមនគរបាលជាតិវិញក៏ត្រូវការឈ្នះដូចគ្នា ដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ដែលប្រឈមមុខនឹងការកាត់ចេញ ប្រសិនបើពួកគេធ្វើពុំបានល្អ។ សូមបញ្ជាក់ថា ការប្រកួតនេះក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕
អត្ថបទ៖ លី ឈុនឡា