ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី “ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ” ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលកន្លងទៅនេះ បានល្អប្រសើរ ប្រកប ដោយសុវត្ថិភាព និងផ្តល់ភាពសប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងនូវ សមិទ្ធផលនានានៅក្នុងសាកលវិទ្យាល័យការពារជាតិ គឺជាសេនាធិការមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់ និងលើកកម្ពស់សមត្ថិភាពបន្ថែមទៀត ក្នុងវិស័យការពារជាតិ។
-សម្តេចធិបតី៖ កិច្ចការពារជាតិ គឺត្រូវតែលើកកម្ពស់ជាប្រចាំ ក្នុងនោះត្រូវតែមានសមត្ថភាព និងគុណភាព ពោលគឺត្រូវមានការ បណ្តុះបណ្តាល និងហ្វឹកហ្វឺនជានិច្ច ដើម្បីធ្វើយ៉ាងណាឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនទៅមុខជានិច្ច។
-សម្តេចនាយករដ្ឋមន្រ្តី៖ កិច្ចការពារជាតិនៅតែជាកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងខឿនការពារជាតិ ដូច្នេះនាយទាហានពលទាហានទាំងអស់ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព តាមរយៈបណ្ដុះបណ្ដាល និងការហ្វឹកហ្វឺនជាប់ប្រចាំ។
-សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុងមាំថា ការរៀបចំ និងការកែទម្រង់នូវវិស័យការពារជាតិ និងទទួលបានជោគជ័យ បើទោះបីជាការកែទម្រង់នេះមាន ការលំបាកបន្តិចក្តី ក៏ប៉ុន្តែមិនអាចដកថយបាននោះឡើយ។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ការទូតយោធាគឺជាកិច្ចការសំខាន់បំផុត ដោយកិច្ចការនេះ មិនត្រឹមតែធ្វើជាមួយក្រសួងការពារជាតិប៉ុណ្ណោះទេ គឺត្រូវធ្វើជាមួយគ្រប់ភាគីទាំងអស់ ទាំងទ្វេភាគី និងតំបន់។ មួយវិញទៀតការទូតយោធានេះ ពេលណាធ្វើត្រូវនឹងនាំមកនូវសន្តិភាព មិត្តភាពល្អជាមួយប្រទេសជាមិត្ត តែបើដើរខុសវានឹងនាំមកនូវសង្រ្គាមជាក់ជាមិនខាន។
-សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានាក្នុងវិស័យការពារជាតិ ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ក្នុងនោះត្រូវតែមានគុណវុឌ្ឍិសម្រាប់យោធាចារ្យ ដើម្បីពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការ សិក្សាស្រាវជ្រាវពីយុទ្ធវិធី វិធីសាស្ត្រ និងបច្ចេកវិទ្យាពីប្រទេសនានា ដើម្បីពង្រឹងវិស័យការពារជាតិ កម្ពុជា ឱ្យស្របតាមស្ថានភាពពិភពលោក។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិ មាតុភូមិ ហើយត្រូវតែត្រៀមខ្លួនគ្រប់កាលៈទេសៈទាំងអស់ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺត្រូវ តែធ្វើឲ្យបានជាពិសេសការទប់ស្កាត់ចំពោះអមិត្តទាំងក្នុង និងក្រៅប្រទេស។
-សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំងអស់ ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។
-សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើដល់ក្រសួងការពារជាតិ ឱ្យពន្លឿនការគិតគូរលើការរៀបចំក្របខណ្ឌកាតព្វកិច្ចយោធា។