ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (១៧ មេសា) នៅសាខាសាកលវិទ្យាល័យកូឡំប៊ី (Columbia University) ក្នុងទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក បន្ទាប់ពីសាកលវិទ្យាធិការរបស់សាលានេះបានអនុញ្ញាតឱ្យនគរបាលក្រុង បោសសម្អាតជំរំដែលបង្កើតឡើងដោយនិស្សិត ដែលធ្វើបាតុកម្មប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។
សាកលវិទ្យាធិការ លោកស្រី ណេម៉ាត មីនូឆេ សាហ្វីក (Nemat Minouche Shafik) ដែលមួយថ្ងៃមុននោះរងការវាយប្រហារពីសមាជិកបក្សសាធារណរដ្ឋនៅឯសវនាការគណៈកម្មាធិការសភាតំណាងរាស្រ្ត បាននិយាយថា លោកស្រីបានអនុញ្ញាតឱ្យនគរបាលបោសសម្អាតជំរំតង់រាប់សិបកន្លែងដែលបង្កើតឡើងដោយក្រុមអ្នកតវ៉ាកាលពីព្រឹកថ្ងៃពុធ។
អភិបាលក្រុងញូវយ៉ក លោក អេរីក អាដាមស៍ (Eric Adams) និយាយថា នគរបាលបានធ្វើការចាប់ខ្លួនអ្នកតវ៉ាជាង ១០៨ នាក់ ដោយបន្ថែមថា «មិនមានអំពើហឹង្សា ឬរបួសក្នុងអំឡុងពេលប្រតិបត្តិការនោះទេ»។ លោក អាដាមស៍ បន្ថែមថា និស្សិតមានសិទ្ធិបញ្ចេញមតិដោយសេរី ប៉ុន្តែមិនមែនជាសិទ្ធិក្នុងការរំលោភលើគោលនយោបាយរបស់សាកលវិទ្យាល័យនោះទេ។
វិទ្យាស្ថានអប់រំកូឡុំប៊ីមួយនេះបាននិយាយថា ខ្លួនបានចាប់ផ្តើមផ្អាកនិស្សិតដែលបានចូលរួមក្នុងការតវ៉ាដោយជំរំតង់នេះ ព្រោះសាលាចាត់ទុកថាជាបាតុកម្មដែលពុំមានការអនុញ្ញាតត្រឹមត្រូវ៕