តើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា និងពិភពលោក​មែនដែរ ឬយ៉ាងណា?

2024/04/19 10:32:58 am        122

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរ​លង់​មក​​​ហើយ​។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការ​ផ្ទុះ​ដ៏​ធំ​ត្រូវ​បាន​គេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់​មាន​ពី​មុន​ទៅលើអ៊ីស្រាអែល នេះបើយោង​តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ិនហួ​។

ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយ​ផ្ទាល់​ទៅអ៊ីស្រាអែល វាគឺ​ជា​លើក​ទី១​ពិត​មែន​​ហើយ។ តែ​​បើយើងត្រលប់​ទៅ​មើល​ ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការ​វាយ​​ប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើ​ឲ្យគេភ្ញាក់​ផ្អើល​ប៉ុន្មានឡើយ។ កាលពីថ្ងៃទី​៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍​ដឹកនាំកំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែក​ប្រកាស​គំរាម​ថា​អ៊ីរ៉ង់នឹងសងសឹក​ ពិន័យអ៊ីស្រាអែល​ ចំពោះទង្វើឧក្រិដ្ឋដែលអ៊ីស្រាអែលបានបាញ់មីស៊ីល​​កំទេច​ស្ថាន​កុងស៊ុល​អ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស បណ្តាល​​ឲ្យ​ស្លាប់​មន្ត្រីទាហាន​កង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ចំនួន​៧នាក់​។

ជាមួយគ្នានោះ អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពី «ការវាយ​ប្រហារ​កាន់​តែ​សាហាវ» ប្រសិនបើពួកគេឆ្លើយតបចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីល​របស់​ខ្លួន​ លើទឹកដីអ៊ីស្រាអែល ខណៈអ៊ីស្រាអែលនិយាយថា «យុទ្ធនាការ​យោធាមិ​ន​ទាន់​ចប់​នៅ​ឡើយ​ទេ​»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៤។

ការគំរាមកំហែងនៃសង្រ្គាម ដោយបើកចំហររវាងគូសត្រូវទាំងពីរនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតំបន់​នេះ​ធ្លាក់​ចូល​ទៅក្នុងភាពតានតឹងបំផុតមួយ ខណៈដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា អាមេរិក​មិន​ស្វែង​រកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់​វិធាន​ការ​ដើម្បី​ការពារ​កង​ទ័ព​អាមេរិក និងអ៊ីស្រាអែលឡើយ។

នាយសេនាធិការកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Bagheri បានព្រមានថា «ប្រសិន​បើ​អ៊ីស្រាអែល​​ឆ្លើយ​តបអ៊ីរ៉ង់វិញ នោះការឆ្លើយ​តប​របស់​យើង​នឹង​សាហាវ​ជាង​សកម្មភាព​យោធា​កាល​ពី​យប់​មិញ» ហើយក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរថា ឱ្យស្ថិតនៅឱ្យ​ឆ្ងាយ​ពី​ជម្លោះ​របស់​ខ្លួន​ជាមួយអ៊ីស្រាអែល បើពុំដូច្នោះទេមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវ​រង​ការ​វាយ​ប្រហារ​ផង​ដែរ​។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹងរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុងប្រទេសអ៊ីស្រាអែល ដោយដ្រូន និងមីស៊ីលភាគច្រើន​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បាញ់​ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី។

ដោយឡែក មហាអំណាចពិភពលោក ដូចជារុស្ស៊ី ចិន និងបារាំង ក៏ដូចជាប្រទេសអារ៉ាប់ អេហ្ស៊ីប កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានជំរុញឱ្យមានការអត់ធ្មត់ខ្ពស់ ដើម្បីកុំឱ្យ​ជម្លោះ​រីក​រាល​ដាល​ពាស​ពេញ​តំបន់​។

មែនទែនទៅ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា​ឆ្នាំ​មុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែល​មន្ត្រី​សុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បានធ្វើឱ្យមនុស្សជាង ៣៣,៦០០នាក់បានស្លាប់។

បើតាមក្រុមអ្នកជំនាញគេសង្កេតឃើញថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស និង​ការ​ប្រឈម​មុខ​ដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បាន និងកំពុងលាតត្រដាង​ឱ្យ​ឃើញ​ពី​ព្រំដែ​ន​នៃ​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក ខណៈក្រុមមន្ត្រីក្នុង តំបន់មជ្ឈិមបូព៌ា បានបង្ហាញការខក​ចិត្ត​ជា​បន្ត​បន្ទាប់​ដែល​សហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពល​របស់​ខ្លួន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ទទួល​យក​បទឈប់បាញ់បណ្ដោះអាសន្ន នានា ​ដើម្បីជាការបោះ​ជំហាន​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​យូរ​អង្វែងមួយសម្រាប់តំបន់មួយនេះ។

ក្រុមមន្ត្រីទាំងនោះក៏បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយអាវុធ និងហិរញ្ញ​វត្ថុ​ដល់​អ៊ី​ស្រាអែល​ រួមទាំងប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើ​ប្រតិបត្តិការ​វាយ​ប្រហាររួមគ្នាជាមួយអង់គ្លេស លើក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ពួក​គេ​បាន​ស្ដាប់​ឮ​គ្រប់ពាក្យពេចន៍ដែលលោក Biden បាននិយាយគ្រប់ម៉ាត់ តែ ការធ្វើសកម្មភាពជាក់ស្ដែង បែរ​ជា​ផ្ទុយពីអ្វីដែលលោកបាននិយាយទៅវិញ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល។

មើលតាមស្ថានការណ៍ដូចបានរៀបរាប់ ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា បច្ចុប្បន្ន​គួរ​តែ​ជា​ពេល​ដែ​លសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមហ្កាហ្សាឱ្យបានឆាប់។ ប៉ុន្តែ អាមេរិកហាក់​មិន​មាន​ឥទ្ធិពល​ក្នុង​ការបញ្ឈប់សង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានសោះ ហើយមិនតែ​ប៉ុណ្ណោះ កំពូលមហាអំណាចយោធាលេខ១មួយនេះ ក៏មិនអាចកំញើញ ឬបញ្ឈប់ក្រុម​ប្រដាប់​អាវុធ​ដូច​ជា​ក្រុមហ៊ូទី មានមូលដ្ឋាន នៅយេម៉ែនដែលជាប្រទេសក្រីក្រមួយបានទៅទៀត។ សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់សុទ្ធតែមានឆន្ទៈបញ្ចៀសសង្រ្គាមដោយផ្ទាល់ក៏ពិតមែន តែដរាប​ណា​សង្រ្គាម​ហ្កាហ្សានៅតែអូសបន្លាយ គ្រោះថ្នាក់ និងភាពតានតឹងនៅតែមាន ដែលក៏អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈឥទ្ធិពល​អាមេរិក​ក្នុង​តំបន់កំពុងថយចុះ រីឯអ៊ីស្រាអែលកំពុងតាំងខ្លួនឯងជាមហាអំណាច ដោយ​សង្រ្គាម​សង​សឹក​​នឹង​ក្រុមហាម៉ាស​នៅហ្កាហ្សា អ៊ីស្រាអែល​បិទភ្នែក មើលមិនឃើញ​ទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែលអង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា កំពុង​ជួបគ្រោះអត់ឃ្លាន​ធ្ងន់ធ្ងរ។ ដោយ​សារ​តែ​អ៊ីស្រាអែល​បិទច្រកនាំជំនួយមនុស្សធម៌​។ សម្រាប់​មន្រ្តី​អង្គការ​សហប្រជាជាតិ ជំនួយ​ស្បៀង​មនុស្សធម៌​ធ្លាក់​ពី​លើ​មេឃ​មិនគ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​របស់​ប្រជាជន​​ប៉ាឡេស្ទីន ដែលកំពុង​ដាច់ស្បៀង ដោយសារ​តែ​សង្រ្គាមវាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​។

ជាការពិតណាស់ ស្លាប់​ដោយសារ​គ្រោះអត់ឃ្លាន ដោយសារ​សង្រ្គាម​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​​​ជារឿងដ៏សែនសោកសៅមួយ។ ប្រជាជន​ប៉ាឡេស្ទីន មនុស្សប្រុសស្រី និងកុមារ​នៅតែ​បន្ត​​រងគ្រោះ មិន​បាន​ទទួលស្បៀង ។ សម្រាប់​​ប្រជាជន​ប៉ាឡេស្ទីន​មួយភាគធំ ការទម្លាក់​ស្បៀង​ពី​លើ​​យ​ន្តហោះ​ជា​ចេតនា​បន្ទាបបន្ថោក ជនជាតិ​ប៉ាឡេស្ទីន​មួយជាន់ទៀត នៅពេល​ពួកគេ​ត្រូវ​រត់​ទៅ​​ប្រញាយដណ្តើម​ស្បៀងគ្នា ដើម្បី​ក្រពះ។

គូររំលឹកថានាពេលកន្លងទៅ អ្នករាយការណ៍​របស់អង្គការ​សហប្រជាជាតិ បាន​បញ្ចេញយោបល់​ផ្ទាល់ខ្លួន និយាយ​ថា លោក Joe Biden (ចូ បៃដិន) គ្មាន​គោលដៅ​ពិតប្រាកដ​ដើម្បី​ជួយ​ដោះ​ស្រាយ​​ប​ញ្ហា​គ្រោះអត់ឃ្លាន​របស់​ប្រជាជន​ប៉ាឡេស្ទីននោះទេ។ មន្រ្តីអង្គការសហប្រជាជាតិ​ទាមទារ​​ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ​លើ​​អ៊ីស្រាអែល​ដើម្បី​បើកជាបន្ទាន់ សម្រាប់​បញ្ជៀស​សោកនាដកម្មស្លាប់មនុស្សដោយសារ​គ្រោះអត់ឃ្លាន។

ជាមួយគ្នានោះ ផ្ទុយពីបារាំង កាណាដា អ៊ីតាលី ដែល​ប្រកាស​ផ្អាកលក់អាវុធ​ទៅ​ឲ្យអ៊ីស្រាអែល​ក្នុងកាលៈទេសៈដែល​អ៊ីស្រាអែលកំពុង​ធ្វើសង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ មហាអំណាចអាមេរិក និង​អាល្លឺម៉ង់ជាដើម​ នៅតែបន្តលក់​អាវុធទៅ​ឲ្យអ៊ីស្រាអែល។ អាមេរិក អាល្លឺម៉ង់​បានបោះ​ឆ្នោត​ប្រឆាំង​​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សិទ្ធិម​នុស្ស​ដែលនិយាយ​ពីការឈប់​លក់​នាំ​អាវុធ​ទៅ​អ៊ីស្រាអែល នោះបើទោះជាឃើញ មានប្រជាជនស៊ីវិល​ប៉ាឡេស្ទីន​ស្លាប់សឹងជារៀងរាល់ថ្ងៃ ដោយ​សារ​សព្វាវុធដែល​ ​អ៊ីស្រាអែលបានទទួល ទិញពីបរទេស​។ អាច​និយាយ​ម្យ៉ាងថា នៅលើ​ឆាក ​អាមេរិក​ជា​ដើម​​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ជំរុញឲ្យមានបទ​ឈប់បាញ់​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ការ​បាត់​បង់​ជីវិ​តប្រជាជនស៊ីវិល​ប៉ាឡេស្ទីន។ ប៉ុន្តែ នៅពីក្រោយឆាក លោកខាងលិច​នាំមុខដោយ​អាមេរិក​​​នៅតែ​បន្តលក់អាវុធទំនើបៗ ដែល​អ៊ីស្រាអែលប្រើក្នុងសង្រ្គាមហ្កាហ្សា ហើយអ្នកដែល​រង​គ្រោះ​ស្លា​ប់ជីវិត គ្មានអ្នកណាក្រៅតែពីស្រ្តី និងកុមារប៉ាឡេស្ទីន។ ភាពមានះ​​របស់អ៊ីស្រាអែល និង​មហា​អំណាច​អាមេរិក ដែលចង់​​គាស់រំលើង​ក្រុមហាម៉ាសនៅហ្កាហ្សា ដោយ​មិនខ្វល់​ពីអាយុជីវិត​របស់​​ប្រជាជន​​ស៊ីវិលប៉ាឡេស្ទីននោះ អាច​កំពុង​ហុចផល​អវិជ្ជមាន​បណ្តើរដល់​រដ្ឋាភិបាល​របស់​ពួកគេ​៕

អត្ថបទដែលទាក់ទង

មនុស្ស៦៣នាក់ ត្រូវបានចាប់ខ្លួននៅហ្ស៊កហ្ស៊ី អំឡុងការតវ៉ាប្រឆាំងសំណើច្បាប់ភ្នាក់ងារបរទេស
2024/05/02 11:06:38 am       
ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា កើនឡើងដល់១៨១នាក់
2024/05/02 11:02:37 am        1
ជនភៀសខ្លួននៅក្នុងជំរំនិយាយថា ប្រទេសហៃទី ផ្តល់ឲ្យពួកគេតែដំបង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ
2024/05/02 10:51:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស៦៣នាក់ ត្រូវបានចាប់ខ្លួននៅហ្ស៊កហ្ស៊ី អំឡុងការតវ៉ាប្រឆាំងសំណើច្បាប់ភ្នាក់ងារបរទេស

2024/05/02 11:06:38 am
​ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា កើនឡើងដល់១៨១នាក់
2024/05/02 11:02:37 am
​ការប្រឡងជ្រើសរើសគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ ចាប់ផ្ដើមហើយនៅថ្ងៃនេះ
2024/05/02 10:56:55 am
​ជនភៀសខ្លួននៅក្នុងជំរំនិយាយថា ប្រទេសហៃទី ផ្តល់ឲ្យពួកគេតែដំបង និងគ្រាប់កាំភ្លើងប៉ុណ្ណោះ
2024/05/02 10:51:43 am
​កម្មករអាមេរិកឡាទីន រាប់ម៉ឺននាក់ចេញតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃទិវាពលកម្មអន្តរជាតិ
2024/05/02 10:48:57 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 11:30:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am