ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិ និងត្រូវតែប្រឆាំងដាច់ខាតចំពោះអមិត្តទាំងក្នុងនិងក្រៅប្រទេស ហើយត្រូវប្រឆាំងរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើតបដិវត្តន៍ ពណ៌នៅកម្ពុជា ឬបង្កអសន្តិសុខដល់សង្គមជាតិជាដើមនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ទន្ទឹមជាមួយនឹងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ រាជរដ្ឋាភិបាល និងត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ ឯកភាពទឹកដីនៃកម្ពុជា ការពារសន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះឱ្យបានគង់វង្ស។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់កងទ័ពទាំងអស់ផងដែរថា ក្នុងកាលៈទេសៈណា ឬទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សា និងការពារសុខសន្តិភាពឱ្យខាងតែបាន ហើយកងទ័ពត្រូវមានភាពសកម្មក្នុងការរួមចណែកទប់ស្កាត់បទល្មើសនានាក្នុងសង្គមឱ្យបានទាន់ពេលវេលាផងដែរ៕អត្ថបទ៖ បាន ចក់