អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកនឹងចាកចេញពីប្រទេសអ៊ីរ៉ាក់នៅដំណាច់ឆ្នាំនេះ ទោះបីកងទ័ពនឹងបន្តបណ្ដុះបណ្ដាល និងផ្តល់ការប្រឹក្សាដល់យោធាអ៊ីរ៉ាក់ក៏ដោយ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Biden បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi នៅឯសេតវិមាន។ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានចុះកិច្ចព្រមព្រៀងបញ្ចប់បេសកកម្មប្រយុទ្ធ។ បច្ចុប្បន្នមានកងទ័ពអាមេរិកចំនួន ២.៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងជួយកងកម្លាំងក្នុងតំបន់ ប្រឆាំងនឹងអ្វីដែលនៅសល់ពីក្រុមរដ្ឋអ៊ីស្លាម។ ចំនួនទាហានអាមេរិកទំនងជានៅតែដដែល ប៉ុន្តែសកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងជួយដល់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។
វត្តមានរបស់អាមេរិកនៅអ៊ីរ៉ាក់បានក្លាយជាបញ្ហាធំមួយ ចាប់តាំងពីឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Qasem Soleimani និងមេដឹកនាំក្រុមជីវពលមូស្លីមដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អាមេរិក នៅរដ្ឋធានីបាដាដកាលពីឆ្នាំមុន។ គណបក្សនយោបាយដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានទាមទារឱ្យដកកម្លាំងទាំងអស់ចេញពីក្រុមចម្រុះសកល ដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ ដែលបង្កឡើងដោយក្រុមជីហាតស៊ុននីក៏ដោយ៕
អត្ថបទ៖ សុខមាន