ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏បានណែនាំទៅដល់នាយទាហាន ពលទាហានទាំងអស់ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌ណាមួយកើតឡើងបានឡើយ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា កងកម្លាំងការពារជាតិ គឺត្រូវតែពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេស។
សម្តេចធិបតីបញ្ជាក់ថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕អត្ថបទ៖ វ៉ន ដារ៉ា