លើកទម្ងន់៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់បានបង្ហាញថា សហព័ន្ធបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដ៏ធំចម្បងរបស់ខ្លួន ដោយធ្វើយ៉ាងណាសម្រួចគោលដៅដណ្តើមមេដាយឲ្យបាន ១គ្រឿងជូនជាតិពីស៊ីហ្គេមនៅវៀតណាម និងបង្កើនកម្រិតសមត្ថភាពមន្ត្រីព័ត៌មានវិទ្យាដើម្បីជួយកិច្ចការសហព័ន្ធ ក្នុងបំណងស្ថាបនាធនធានចៅក្រម អាជ្ញាកណ្តាល ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ។

លោកបន្តថា សហព័ន្ធជំនាញមួយនេះក៏លើកកម្ពស់បន្ថែម ដល់សមត្ថភាពអត្តពលិកដើម្បីជាឱកាសចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុតរបស់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៤ នៅប្រទេសបារាំងទៀតផង។ ដើម្បីឲ្យគោលដៅទាំងអស់នេះអាចសម្រេចបានតាមផែនការរបស់ខ្លួន សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតក្នុងស្រុក និងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ពិសេសស្វែងរកអត្តពលិកកូនខ្មែរនៅក្រៅប្រទេស មកជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសគឺស៊ីហ្គេមចំពោះមុខចំនួនពីរលើកនេះដែរ។
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបង្កើតឡើងអស់រយៈពេល ៣ឆ្នាំមកហើយដោយមានក្លឹបជាសមាជិក ១០ នៅរាជធានី និងខេត្តមួយចំនួន។ បច្ចុប្បន្នសហព័ន្ធមានកីឡាករ-កីឡាការិនីជាប់ជាជម្រើសជាតិចំនួន ៩នាក់ដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅវៀតណាម ដែលម្ចាស់ផ្ទះមួយនេះបានស្នើសុំ និងបានឯកភាពជាផ្លូវការពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ពន្យារពេលទៅធ្វើនាអំឡុងពាក់កណ្ដាលឆ្នាំ២០២២ ខណៈស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវបាន CAMSOC បញ្ជាក់ជំហរយ៉ាងមុះមុត ភាពជឿជាក់ និងកំពុងប្រឹងប្រែងឆ្ពោះទៅប្រកបដោយក្តីសង្ឃឹមផងដែរ៕
អត្ថបទ៖ គង់ ហួន