អូឡាំពិក៖ កីឡាការិនី Hidilyn Diaz បានជម្នះរហូតទទួលបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់ផ្នែកនារីទម្ងន់ ៥៥គីឡូក្រាម ដែលជាមេដាយមាសអូឡាំពិកលើកដំបូងសំរាប់ហ្វីលីពីន។ Diaz ធ្វើបានល្អជាងកីឡាការិនីចិន Liao Qiuyun ក្នុងការលើកចុងក្រោយដែលមានទម្ងន់សរុប ២២៤គីឡូក្រាម។

មុននេះចិនបានត្រកងយកមេដាយមាស ៣វិញ្ញាសាមកហើយក្នុងប្រភេទកីឡាលើកទម្ងន់នេះ ខណៈកីឡាការិនីចិនដែលបានមេដាយប្រាក់ Liao Qiuyun នៅតែកាន់កំណត់ត្រាពិភពលោកលើកបានទម្ងន់ ២២៧គីឡូក្រាមដដែល។ ចំណែកមេដាយសំរឹទ្ធក្នុងវិញ្ញាសានេះបានទៅ កីឡាការិនីកាហ្សាក់ស្ថាន Zulfiya Chinshanlo ក្រោយលើកបាន ២១៣គ។ ងាកមកការប្រកួតកីឡាវាយកូនឃ្លីលើតុវិញ្ញាសាវាយគូចម្រុះ ជប៉ុនបានយកឈ្នះចិនគួរឱ្យភ្ញាក់ផ្អើលលើប្រភេទកីឡាមួយនេះដោយដៃគូ Jun Mizutani និង Mima Ito យកឈ្នះដៃគូចិន Xu Xun និង Liu Shiwen។ រំលឹកកាលពីអូឡាំពិកទីក្រុង Rio ឆ្នាំ២០១៦ ចិនបានយកឈ្នះមេដាយគ្រប់វិញ្ញាសាទាំងអស់លើប្រភេទកីឡាវាយកូនឃ្លីលើតុនេះ។

មកទស្សនវិញ្ញាសាកីឡាតៃក្វាន់ដូ កីឡាការិនីក្រុអាស៊ី Matea Jelic ដណ្តើមបានមេដាយមាសលើកដំបូងឱ្យក្រូអាស៊ីនៅអូឡាំពិកទីក្រុងតូក្យូនេះ ដោយយកឈ្នះកីឡាការិនីចក្រភពអង់គ្លេស Lauren Williams ២៥-២១ ក្នុងប្រភេទទំងន់ ៦៧គីឡូក្រាមនៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនីអេហ្ស៊ីប Hedaya Malak និងកីឡាការិនីកូឌីវ័រ Ruth Ghabi ទទួលបានមេដាយសំរឹទ្ធ។ ចំណែកការប្រកួតផ្នែកបុរស កីឡាកររុស្ស៊ី Maksim Khramtcov ដណ្តើមបានមេដាយមាសលើប្រភេទទំងន់ ៨០គីឡូក្រាម ក្រោយយកឈ្នះកីឡាករហ្សកដានី Saleh El-Sharabaty ២០-៩ នៅវគ្គផ្តាច់ព្រ័ត្រ តែខាងរុស្ស៊ីក្រោយមកក៏បានប្រាប់ថា Maksim Khramtcov មានរបួសដល់បាក់ដៃស្តាំ។ រីឯ El-Sharabaty ដែលបានមេដាយប្រាក់នោះគឺជាមេដាយទី២ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអូឡាំពិករបស់ហ្សកដានី បន្ទាប់ពីមេដាយទី១ ធ្វើបានកាលពីអូឡាំពិកឆ្នាំ២០១៦ ដោយ Ahmad Abughaush ឈ្នះមេដាយមាស៕

អត្ថបទ៖នាង សុភាវុធ