យ៉ាងហោចណាស់មនុស្ស ២៩នាក់ បានរងរបួសនៅប្រទេសអ៊ីតាលី នាថ្ងៃសុក្រ (ទី១៩ ខែមេសា) នេះ នៅពេលដែលសាឡាងដឹកមនុស្សពីកោះ Capri ដែលពេលនេះកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ក្រុមប្រទេសទាំង៧ (G7) បានបុកផែពេលចូលចត នៅទីក្រុង Naples។
អាជ្ញាធរសុខាភិបាលនៅមូលដ្ឋាន បានឲ្យដឹងថា អ្នកដំណើរដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមូលដ្ឋាន ហើយភាគច្រើននៃអ្នកទាំងនោះមានរបួសតិចតួចប៉ុណ្ណោះ ខណៈម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេ។
មិនមានព័ត៌មានភ្លាមៗអំពីអត្តសញ្ញាណអ្នករងរបួស ឬថា តើមាននរណាម្នាក់បានចូលរួមក្នុងកិច្ចប្រជុំ G7 ដែលនឹងបញ្ចប់ នៅថ្ងៃសុក្រនេះដែរ ឬទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងអំឡុងពេលចូលចតនៅផែ ដែលធ្វើឲ្យមានការលំបាកដោយសារខ្យល់បក់ខ្លាំង៕