ភ្នំពេញ៖ កម្ពុជាបានប្រកាសពីការរកឃើញមនុស្ស ៣៩នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta កាលពីសប្ដាហ៍មុន ដែលនាំឱ្យចំនួនមនុស្សឆ្លងមេរោគបំប្លែងថ្មីនេះ កើនឡើងដល់ ១១៤នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន ២១នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី ក្នុងនោះមានស្ត្រីចំនួន ១១នាក់ផងដែរ។
បើតាមក្រសួងសុខាភិបាល ពលរដ្ឋខ្មែរចំនួន ១៤នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញឆ្លងមេរោគបំប្លែងថ្មី Delta នេះនៅថ្ងៃទី២២ ខែកក្កដា ហើយពលរដ្ឋខ្មែរចំនួន ៧នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគប្រភេទដដែលនេះនៅថ្ងៃទី២៥ ខែកក្កដា។
ក្រៅពីរកឃើញលើពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃហើយនោះ ក្រសួងបានឱ្យដឹងទៀតថា ករណីឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta នេះ ក៏ត្រូវបានរកឃើញលើបុគ្គលិកសុខាភិបាលចំនួន៤នាក់ផងដែរ។
ក្រសួងបញ្ជាក់ថា បុគ្គលិកសុខាភិបាលម្នាក់អាយុ ៤៦ឆ្នាំ បម្រើការនៅខេត្តឧត្ដរមានជ័យ ត្រូវបានរកឃើញឆ្លងមេរោគបំប្លែងថ្មី Delta នៅថ្ងៃទី២២ ខែកក្កដា ហើយបុគ្គលិកសុខាភិបាលខេត្តឧត្ដរមានជ័យចំនួន ៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគប្រភេទដដែលនេះនៅថ្ងៃទី២៥ ខែកក្កដា។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា ពលរដ្ឋចំនួន ១៣នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីនេះផងដែរនៅថ្ងៃទី២៥ ខែកក្កដា ក្នុងនោះពលរដ្ឋ៦នាក់ បានប៉ះពាល់ដោយផ្ទាល់ជាមួយពលរដ្ឋខ្មែរទើបវិលត្រឡប់ពីប្រទេសថៃ។
ចំណែកឯពលរដ្ឋចំនួន ៧នាក់ទៀត ក្រសួងបញ្ជាក់ថា បានឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មីពីសហគមន៍ដែលបានប៉ះពាល់ជាមួយពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ។
ក្រសួងសុខាភិបាលឱ្យដឹងផងដែរថា ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី Deltaនេះ ត្រូវបានរកឃើញដល់ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន ៥៩នាក់ផងដែរ គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនាកន្លងមក៕

