ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ខណៈអ្នកបោះឆ្នោតមួយចំនួនធំ បានទៅបោះឆ្នោតនៅក្នុងរដ្ឋដែលហែកហួរដោយអំពើហិង្សា សម្រាប់ការបោះឆ្នោតធំបំផុតរបស់ពិភពលោក។
មានភាពមិនច្បាស់លាស់លើការបោះឆ្នោតនៅក្នុងរដ្ឋនេះរបស់ប្រទេស។ កាលពីឆ្នាំមុន មនុស្សជាង២០០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច។ រដ្ឋនេះ បានផ្ទុះឡើងការប្រយុទ្ធគ្នារវាងជនជាតិភាគតិច Meitei និងជនជាតិ Kuki ជាកុលសម្ព័ន្ធចាប់តាំងពីខែឧសភា។ កាលពីថ្ងៃសុក្រ មានឧប្បត្តិហេតុនៃអំពើហឹង្សាជាច្រើនកន្លែង។
មន្ត្រីបោះឆ្នោតម្នាក់ បាននិយាយថា មានក្រុមប្រដាប់អាវុធដែលព្យាយាមដណ្តើមយកការិយាល័យបោះឆ្នោតនៅក្នុងរដ្ឋធានី Imphal របស់រដ្ឋនេះ។ អាសនៈសភាទាំងពីរ នៅ ក្នុងរដ្ឋ Manipur បានឈ្នះដោយគណបក្ស BJP របស់នាយករដ្ឋមន្ត្រី លោក Narendra Modi និងសម្ព័ន្ធមិត្តរបស់លោកនៅឆ្នាំ ២០១៩ ហើយការបោះឆ្នោត ព្យាករណ៍ថាមានជ័យជម្នះងាយស្រួល នៅក្នុងប្រទេសនេះសម្រាប់លោក នៅឆ្នាំនេះ។
ក្រុមមន្ត្រីបាននិយាយថា ពួកគេបានព្យាយាមធ្វើឱ្យប្រាកដថា ប្រជាជនភៀសខ្លួនជិត ២៥.០០០ នាក់ អាចបោះឆ្នោតបាន ដោយជំនួសអត្តសញ្ញាណប័ណ្ណដែលបានបាត់បង់ ដោយផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោតនិងបង្កើតការយាល័យបោះឆ្នោតសម្រាប់ប្រជាជននៅក្នុងជំរំ។
រដ្ឋដែលមានប្រជាជន ៣,៦លាននាក់ មួយនេះ មានអ្នកបោះឆ្នោតប្រមាណ៦៨ភាគរយគិតត្រឹមម៉ោង ដែលស្ថានីយ៍បោះឆ្នោតបានបិទកាលពីថ្ងៃសុក្រ ហើយដំណាក់កាលទី២ នៃការបោះឆ្នោតនៅក្នុងរដ្ឋ Manipur នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា។