ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានបំផ្លិចបំផ្លាញដោយសង្រ្គាម បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងលើសពី ៣៤.០០០ នាក់។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេ ស្ទីនចំនួន ៤២នាក់ និងរបួសចំនួន ៦៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤.០១២នាក់ និងរបួសដល់ ៧៦.៨៣៣នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។
កាលពីថ្ងៃសុក្រ សារព័ត៌មាន Al-Quds របស់ប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សាភាគខាងត្បូង ទីក្រុងរ៉ាហ្វា និង ខាន់យូនីស និងទីក្រុង Deir al-Balah នៅតំបន់ហ្កាហ្សាភាគកណ្តាល។ ពុំទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីស្រាអែល បានអះអាងថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទីតាំងយោធាជាង ១០០កន្លែង នៅតំបន់ហ្កាហ្សាភាគកណ្តាល ក្នុងរយៈពេលមួយសប្តាហ៍។
ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា សាកសពជាច្រើន ត្រូវបានគេរកឃើញក្នុងអំឡុងពេលស្វែងរកនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលខ្លះជាស្ត្រី និងមនុស្សចាស់។ រហូតមកទល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីអ៊ីស្រាអែលនៅឡើយទេ។