មីយ៉ាន់ម៉ា ៖ ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅទីក្រុង Myawaddy គឺជាទីក្រុងនៅជាប់ព្រំដែនថៃ ។ នេះបើយោងតាមការអះអាងរបស់សាក្សី សារព័ត៌មាន និងរដ្ឋាភិបាលថៃ ។
ក្រុមឧទ្ទាមបានព្យាយាមរុញច្រានទាហានរបបសឹកមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃមកហើយនៅស្ពានឆ្លងកាត់មួយកន្លែង ។
នៅក្នុងវីដេអូដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញឧទ្ធម្ភាគចក្រមួយគ្រឿង រងការបាញ់ប្រហារ ហើយផ្សែងខ្មៅយ៉ាងក្រាស់ ត្រូវបានមើលឃើញនៅក្នុងវីដេអូមួយផ្សេងទៀត ។
សារព័ត៌មានថៃជាច្រើន បានរាយការណ៍ថា ជនស៊ីវិលប្រហែល ២០០នាក់ បានឆ្លងកាត់ព្រំដែន ដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្ននៅក្នុងប្រទេសថៃ ។
គួរឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ និងក្រុមឧទ្ទាមជនជាតិភាគតិច ដណ្តើមការគ្រប់គ្រងទីក្រុងពាណិជ្ជកម្ម Myawaddy របស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១១ ខែមេសាកន្លងទៅ ៕

