ផ្សែងបានផុសចេញពីតំបន់ហ្កាហ្សាស្រ្ទីប ពេលដែលសង្រ្គាម បានអូសបន្លាយអស់រយៈពេល ១៩៦ថ្ងៃមកហើយ ។
ក្រសួងសុខាភិបាលនៅតំបន់បិទច្រកមួយនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣៤.០៤៩នាក់ និងមនុស្ស ៧៦.៩០១នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនប៉ាឡេស្ទីន ៣៧នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៦៨នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
កងទ័ពអ៊ីស្រាអែល បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទីតាំងយោធាជាង ១០០កន្លែង នៅតំបន់ហ្កាហ្សាភាគកណ្តាល ក្នុងរយៈពេលមួយសប្តាហ៍ ។
ដោយឡែក ក្រុមហាម៉ាស់ បាននិយាយថា សាកសពមនុស្សជាច្រើននាក់ ត្រូវបានគេរកឃើញក្នុងអំឡុងពេលស្វែងរកនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលខ្លះជាស្ត្រី និងមនុស្សចាស់ ៕

