កងកម្លាំងអ៊ីស្រាអែល បានផ្ទុះអាវុធជាមួយក្រុមជីវពលប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃទី ២នៃការវាយឆ្មក់ទីក្រុង Tulkarm ។
កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់តំបន់ Nur Shams ស្ថិតនៅជិតទីក្រុង Tulkarm របស់ប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ ។
យោធាអ៊ីស្រាអែល និយាយថា ក្រុមជីវពលជាច្រើននាក់ ត្រូវបានសម្លាប់ និងចាប់ខ្លួន ហើយទាហានរបស់ពួកគេយ៉ាងហោច ៤នាក់ បានរងរបួស អំឡុងការផ្ទុះអាវុធនេះ ។
គួរឲ្យដឹងថា ជម្លោះកាន់តែរីកធំ ពេលដែលការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកាន់តែខ្លាំងឡើង អំពើហិង្សារបស់អ្នកតាំងលំនៅនិគម ហើយនិងការវាយប្រហារតាមដងផ្លូវរបស់ជនប៉ាឡេស្ទីន ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៦៦នាក់នៅតំបន់វ៉េសប៊ែង ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ។
ដោយឡែក យោងតាមតួលេខរបស់អ៊ីស្រាអែល បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល ១៣នាក់ រួមទាំងសមាជិកកងកម្លាំងសន្តិសុខអ៊ីស្រាអែល ២រូប ត្រូវបានសម្លាប់ដោយជនជាតិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង ៕

