ភ្នំពេញ ៖ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងចិនឲ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដាខ្ពស់បន្ថែមទៀត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ធ្លាប់បានឱ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ច ឯកឧត្តម វ៉ាង យី នឹងចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្ម ការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ ។ ក្រៅពីនោះនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននាពេលនេះ គឺធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រម ទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)៕ ដោយ ៖ ឧត្ដម