ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃសៅរ៍ (២០ មេសា) ថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ១.៦០១ នាក់ដោយសារជំងឺគ្រុនឈាមមកទល់ពេលនេះ ជាមួយនឹងអ្នកស្លាប់ចំនួន ២.០៦១ នាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ករណីសង្ស័យជំងឺគ្រុនឈាមសរុបចំនួន ៣,៥៣ លានករណីត្រូវបានគេរាយការណ៍នៅទូទាំងប្រទេស ហើយអត្រាកើតជំងឺគ្រុនឈាមនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះបច្ចុប្បន្នមានករណីសង្ស័យចំនួន ១.៧៤១ ក្នុងចំណោមប្រជាជន ១០០.០០០ នាក់។ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់គឺមាន ៣៥ ភាគរយខ្ពស់ជាងចំនួនសរុបក្នុងឆ្នាំ២០២៣ ដែលកាលនោះមានអ្នកស្លាប់ចំនួន ១.១៧៩ នាក់។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃសុក្រ (១៩ មេសា) ស្ត្រីបានកើតជំងឺដ៏ធ្ងន់ធ្ងរនេះដែលតំណាងឱ្យ ៥៥,២ ភាគរយនៃករណីដែលបានបញ្ជាក់។ ក្រុមប្រជាសាស្រ្តដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺស្ថិតនៅក្នុងចន្លោះអាយុពី ២០ ទៅ ២៩ ឆ្នាំ។
រដ្ឋាភិបាលបានអំពាវនាវដល់សាធារណជនឱ្យប្រកាន់ខ្ជាប់នូវកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺនេះ។ គ្រុនឈាមត្រូវបានចម្លងដោយប្រភេទមូសខ្លា អ៊ែរដេស អ៊ែរជីបធី (Aedes aegypti) ហើយអាចស្លាប់ក្នុងករណីធ្ងន់ធ្ងរ៕

