ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ (២១ មេសា) នេះបានតវ៉ាប្រឆាំងនឹងការថ្វាយសំណែនរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ដល់ទីសក្ការបូជា យ៉ាស៊ូគូនិ (Yasukuni) ក្នុងទីក្រុងតូក្យូ ដោយនិយាយថាខ្លួន «ខកចិត្តយ៉ាងខ្លាំង» ហើយបានជំរុញឱ្យបណ្ដាមេដឹកនាំជប៉ុនបង្ហាញការសោកស្ដាយដោយស្មោះ និងការកែប្រែចំពោះអតីតកាលនៃសម័យសង្រ្គាមដ៏ឃោរឃៅរបស់ប្រទេសនេះ។
ទីសក្ការៈបូជានេះត្រូវបានទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល មើលឃើញថាជានិមិត្តរូបនៃការឈ្លានពានយោធាកាលពីអតីតកាលរបស់ប្រទេសជប៉ុន ព្រោះទីនេះរួមបញ្ចូលមេដឹកនាំក្នុងសម័យសង្រ្គាមរបស់ជប៉ុនចំនួន ១៤ នាក់ ដែលត្រូវបានកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាមដោយសាលាក្តីសម្ព័ន្ធមិត្ត ក្នុងចំណោមអ្នកស្លាប់ដោយសារសង្រ្គាមចំនួន ២,៥ លាននាក់។
ការដាក់តង្វាយសំណែននាពេលកន្លងមកដោយបណ្ដាមេដឹកនាំជប៉ុន បាននាំឱ្យមានការតវ៉ាពីប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ (Yonhap) បានរាយការណ៍ដោយដកស្រង់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លោក គីស៊ីដា និងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនបានបញ្ជូនតង្វាយធ្វើពិធីដល់ទីសក្ការៈនេះនៅថ្ងៃអាទិត្យ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងត្បូង ជំរុញឱ្យបណ្ដាមេដឹកនាំជប៉ុន «ប្រឈមមុខនឹងប្រវត្តិសាស្ត្រដោយសមហេតុផល និងបង្ហាញពីការឆ្លុះបញ្ចាំងយ៉ាងដាក់ខ្លួន និងការប្រែចិត្តដោយស្មោះ» ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែការលើកឡើងនេះមិនបាននិយាយឈ្មោះលោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ទេ៕

