ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអាទិត្យ (២១ មេសា) នេះថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មន្ត្រីគយពីរនាក់នៅភាគខាងលិចប្រទេសប៉ាគីស្ថាន បន្ទាប់ពីការសម្លាប់មន្ត្រីគយប្រាំនាក់ផ្សេងទៀតនៅតំបន់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរនេះឡើយចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយនគរបាលបាននិយាយថាពួកគេកំពុងស៊ើបអង្កេតអ្នកនៅពីក្រោយ។
សន្តិសុខក្នុងតំបន់ប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវាយប្រហារមួយចំនួនដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមតាលីបង់ នៅប៉ាគីស្ថាន (TTP) បានកើនឡើង ដែលភាគច្រើនសំដៅទៅលើនគរបាល និងមន្ត្រីសន្តិសុខ។
ការកើនឡើងនៃការវាយប្រហារបានបង្កើនភាពតានតឹងរវាងប៉ាគីស្ថាន និងរដ្ឋបាលតាលីបង់ ដែលកំពុងកាន់អំណាចរបស់អាហ្វហ្គានីស្ថាន។ ប្រទេសប៉ាគីស្ថាន និយាយថាក្រុមសកម្មប្រយុទ្ធបាននឹងកំពុងប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថាន ដើម្បីបើកការវាយប្រហារនោះ និងបានអំពាវនាវឱ្យពួកតាលីបង់ ចាត់វិធានការ ខណៈបាគីស្ថានបានធ្វើការវាយប្រហារតាមអាកាសកាលពីខែមុន លើទឹកដីអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់ បានបដិសេធថាខ្លួនមិនបានអនុញ្ញាតឱ្យប្រើប្រាស់ដីអាហ្វហ្គានីស្ថាន សម្រាប់ធ្វើសកម្មប្រយុទ្ធទេ ហើយថាបញ្ហាសន្តិសុខប៉ាគីស្ថាន គឺជាបញ្ហាក្នុងស្រុកសម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដ ពុំមានពាក់ព័ន្ធអ្វីនឹងអាហ្វហ្គានីស្ថានឡើយ៕

