អេស្ប៉ាញ ៖ មនុស្សរាប់ពាន់នាក់ បានតវ៉ានៅកោះ ថេនើរីហ្វ (Tenerife) របស់ប្រជុំកោះ កាណារី (Canary) ក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (២០ មេសា) ដោយអំពាវនាវឱ្យកោះអេស្ប៉ាញមួយនេះ កាត់បន្ថយការមកដល់របស់ភ្ញៀវទេសចរជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការកើនឡើងតម្លៃនៃការជួលរយៈពេលខ្លី និងការសាងសង់សណ្ឋាគារ ដែលជំរុញឱ្យតម្លៃលំនៅដ្ឋានសម្រាប់អ្នកស្រុកកើនឡើងខ្លាំង។
ដោយកាន់បដាដែលសរសេរថា «មានមនុស្សរស់នៅទីនេះ» និង «យើងមិនចង់ឃើញកោះរបស់យើងស្លាប់ទេ» ក្រុមបាតុករបាននិយាយថា ការផ្លាស់ប្តូរត្រូវតែធ្វើឡើងចំពោះឧស្សាហកម្មទេសចរណ៍ដែលមានចំនួន ៣៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រជុំកោះ កាណារី នេះ។
ការតវ៉ាតូចៗក៏ត្រូវបានធ្វើឡើងនៅកន្លែងផ្សេងទៀតនៅក្នុងក្រុមកោះ និងទីក្រុងផ្សេងទៀតរបស់អេស្ប៉ាញ ដែលបាតុកម្មទាំងអស់នេះត្រូវបានរៀបចំដោយអង្គការបរិស្ថានជាង ២០ ក្រុម នៅមុនរដូវកាលវិស្សមកាលរដូវក្តៅដ៏មមាញឹក។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រជុំកោះដែលមានប្រជាជនចំនួន ២,២ លាននាក់នេះ ទទួលបានភ្ញៀវទេសចរបរទេសជិត ១៤ លាននាក់ក្នុងឆ្នាំ២០២៣ ដោយកើនឡើង ១៣ ភាគរយធៀបនឹងឆ្នាំមុននោះ។
អង្គការបរិស្ថានទាំងនោះនិយាយថា អាជ្ញាធរក្នុងតំបន់គួរតែកំណត់ចំនួនអ្នកទស្សនាជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយសម្ពាធលើបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងស្តុកលំនៅដ្ឋានរបស់កោះ ហើយដាក់ការទប់ស្កាត់ការទិញអចលនទ្រព្យដោយជនបរទេស ដើម្បីបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកស្រុក៕

